រាជធានីភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលា ស្តីពី “ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” តាមប្រព័ន្ធវីដេអូ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបង្ហាញពីការខិតខំរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ាន ស្ពីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តមបានបន្តថា៖ កម្ពុជា បានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ បន្ថែមពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលឯកសារនេះត្រូវបានប្រើប្រាស់ជាឯកសារយុទ្ធសាស្ត្រក្នុងការបន្តបង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០២៥

សូមជម្រាបជូនដែរថា អាស៊ានបានរួមគ្នាចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាកិច្ចព្រមព្រៀងតំបន់ដ៏មានសារៈសំខាន់ និងត្រូវបានចុះហត្ថលេខាដោយបណ្តារដ្ឋសមាជិកអាស៊ាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលកិច្ចព្រមព្រៀងនេះ មានគោលបំណងបីសំខាន់ៗ រួមមាន ៖ ដើម្បីសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ដើម្បីបង្កើតបរិយាកាសនៃការជឿជាក់ និងទំនុកចិត្តក្នុងតំបន់ និងជំរុញកំណើនប្រកបដោយបរិយាបន្ននិងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន៕