សេដ្ឋកិច្ច៖ អ្នកវិភាគរបស់ធនាគារអាមេរិក (Bank of America) ម្នាក់ បានព្រមានថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយអាចជំរុញឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
ការព្យាករណ៍នេះធ្វើឡើង បន្ទាប់ពីធនាគារ Deutsche Bank បានព្យាករណ៍ថា ការដួលរលំសេដ្ឋកិច្ចអាមេរិក នឹងមកដល់នៅឆ្នាំ 2023 ខណៈដែលធនាគារកណ្ដាលអាមេរិក( FED) រឹតបន្តឹងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។
ប្រធានផ្នែកយុទ្ធសាស្រ្តវិនិយោគរបស់ BofA លោក Michael Hartnett បានសរសេរនៅក្នុងកំណត់ត្រាមួយទៅកាន់អតិថិជនថា "អតិផរណាដ៏ភាពតក់ស្លុត" កាន់តែអាក្រក់ទៅៗ 'អត្រាការប្រាក់ដ៏តក់ស្លុត' ទើបតែចាប់ផ្តើម,ឯ 'វិបត្តិសេដ្ឋកិច្ច' នឹងមកដល់' ។
FED កាលពីថ្ងៃពុធ ទំនងជានឹងចាប់ផ្តើមដកហូតទ្រព្យសម្បត្តិពីតារាងតុល្យការ $9 ទ្រីលានដុល្លារ នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅដើមខែឧសភា ខណៈអាមេរិក កំពុងប្រឈមមុខនឹងអត្រាអតិផរណាឈានដល់ជិត 8ភាគរយ ជាកម្រិតខ្ពស់មិនធ្លាប់មានក្នុងបួនទសវត្សរ៍។
យោងតាម CNBC៖ ធនាគារ Deutsche ដែលជាធនាគារធំដំបូងគេ ដែលផ្តល់ការព្យាករណ៍អវិជ្ជមាន កាលពីថ្ងៃអង្គារបាននិយាយថា វិបត្តិសេដ្ឋកិច្ចនឹងមានកម្រិតមធ្យម ប៉ុន្តែវានឹងផ្ដល់ផលប៉ះពាល់មួយទៀតដល់ប្រជាជនអាមេរិក ដែលកំពុងតែលំបាករួចស្រេចហើយ ។
"សេដ្ឋកិច្ចអាមេរិកត្រូវបានគេរំពឹងថា នឹងទទួលបានផលប៉ះពាល់យ៉ាងខ្លាំងពីការរឹតបន្តឹងរបស់ Fed បន្ថែមទៀត នៅចុងឆ្នាំក្រោយ និងដើមឆ្នាំ 2024"។