រូបភាពតំណាង (ថតដោយ SunnyWrt)

បច្ចុប្បន្ននេះ ពិភពលោក​កំពុងមាននិន្នាការប្រទាញប្រទង់គ្នា រវាងឯកសារបោះពុម្ព និងឯកសារអេឡិចត្រូនិក ដោយមជ្ឈដ្ឋានខ្លះលើកឡើងថា អនាគតទៅឯកសារបោះពុម្ពនឹងអាចបាត់បង់ទាំងស្រុង ព្រោះវាត្រូវជំនួសដោយឯកសារអេឡិចត្រូនិក (E-document) តែមជ្ឈដ្ឋានខ្លះនៅតែជឿជាក់ថា ឯកសារបោះពុម្ពនៅតែអាចឈរជើងបានលើពិភពលោក ទោះបីជាការរស់នៅរបស់មនុស្សប្រែប្រួលដល់ណាក៏ដោយ។

 បង្ហាញ​ការព្យាករណ៍លើចំណុចនេះ លោកបណ្ឌិត Partick Dixon អ្នកជំនាញយុទ្ធសាស្រ្ត និងការព្យាករណ៍សម្រាប់ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោក បានបញ្ជាក់ថា ឯកសារបោះពុម្ពនៅតែមានវត្តមាននៅក្នុងពេលអនាគតដ៏វែងឆ្ងាយ ព្រោះមនុស្សនៅតែត្រូវការវា។ ប្រភេទសៀវភៅ​បោះពុម្ព នៅតែត្រូវបានគេយកចិត្តទុកដាក់ដោយសារតែភាពរាក់ទាក់ (friendly)របស់វា ក្លិនរបស់វា និង​អារម្មណ៍ត្រូវការការប៉ះផ្ទាល់របស់មនុស្ស នៅតែមានចំពោះការអាន។

 ជាការពិតណាស់ដែលថាការលក់សៀភៅអេឡិចត្រូនិក ក៏ដូចជាឧបករណ៍អានអេឡិចត្រូនិក ដូចជា Kindle ជាដើមមានការកើនឡើង ក្នុងមួយទសវត្សចុងក្រោយនេះ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់សៀវភៅអេឡិចត្រូនិក (e-book) ហាក់មានការថយចុះបន្តិចវិញ។ ជាក់ស្តែង នៅឆ្នាំ ២០១៧ ការលក់សៀវភៅអេឡិចត្រូនិកបានធ្លាក់ចុះប្រមាណ១០% ខណៈ៣ឆ្នាំបន្តបន្ទាប់ទៀតនេះ ក៏មានការធ្លាក់ចុះខ្លះដូចគ្នា។

 និន្នាការនៃការត្រឡប់មកប្រើប្រាស់ឯកសារបោះពុម្ព នឹងចាប់ផ្តើមកើនឡើងវិញ ដោយសារតែមនុស្សអាចចាប់ផ្តើមធុញទ្រាន់ ក្នុងការអាន​សៀវភៅអេឡិចត្រូនិក ហើយងាកទៅរកឯកសារបោះពុម្ពវិញ ស្របពេលដែលបច្ចេកវិទ្យានៃការបោះពុម្ព កាន់តែមានលក្ខណៈទំនើបផងដែរ។ អ្នកអាននៅតែត្រូវការរូបរាង ប្រកបដោយភាពច្នៃប្រឌិតរបស់សៀវភៅ នៅតែត្រូវការកាន់ឯកសារនៅនឹងដៃ ហើយពួកគេនៅតែត្រូវការអារម្មណ៍ពិតៗ ក្នុងការនៅជាមួយសៀវភៅ។

 ទោះជាយ៉ាងនេះក្តីអ្នកព្យាករណ៍បញ្ជាក់ថា សៀវភៅដែលមិនមានលក្ខណៈច្នៃប្រឌិត អាចនឹងមាន​បញ្ហាផងដែរនៅថ្ងៃអនាគត ហេតុនេះ ឯកសារដែលនៅតែទាក់ទាញអ្នកអានបាន ភាគច្រើនជាឯកសារដែលមានគុណភាពល្អទាំងក្រដាសទឹកថ្នាំ និងគម្របជាដើម។ ស្របពេលជាមួយគ្នាដែរ សៀវភៅដែលកាន់តែសំបូរទីផ្សារនៅថ្ងៃអនាគត អាចជាសៀវភៅកុមារនិងទស្សនាវដ្តី ដែលមានរូបរាងទាក់ទាញ ហើយមានមាតិកាព័ត៌មានប្រកបដោយការអប់រំសម្រាប់មនុស្សាកម្សាន្តផងនិងរៀនសូត្រផង។

 ចំពោះសៀវភៅសម្រាប់មនុស្សអានទូទៅវិញ ក៏នៅតែមានប្រជាប្រិយភាពដូចគ្នា តែអ្នកនិពន្ធចាំបាច់ត្រូវតែបញ្ចូលភាពច្នៃប្រឌិតឱ្យបានខ្ពស់ ដោយបង្កើតទាំងរូបារម្ភឱ្យល្អ អត្ថន័យឱ្យល្អ និងរូបរាងឱ្យមានភាពច្នៃប្រឌិតនិងទាក់ទាញកាន់តែខ្លាំង៕