រាជធានីភ្នំពេញ៖ ស្ថិតក្នុងដំណាក់កាល ពិភពលោកកំពុងតែទទួលរងនូវវិបត្តសេដ្ឋកិច្ច ដែលកើតចេញពីការរីករាលដាល នៃមេរោគ Covid-19 ម្ចាស់អាជីវកម្មជាច្រើនកំពុងប្រឈមនឹងវិបត្តិ ខណៈអ្នកខ្លះទៀតក៏បានបិទអាជីវកម្ម ទាំងស្រុងថែមទៀតផង។ បញ្ហាទាំងអស់នេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ រួមទាំងទីផ្សារការងារនៅក្នុងប្រទេស​។ 

ពាក់ព័ន្ធនឹងបញ្ហានេះអ្នកជំនាញហិរញ្ញវត្ថុ និងការវិនិយោគ លោក ង៉ែត ជូ បានលើកឡើងថា​ដើម្បីទប់ទល់ ពង្រឹង និងពង្រីកអាជីវកម្មនិងការវិនិយោគ​ក្នុងដំណាក់កាលមានវិបត្តិនេះ មានវិធីសាស្រ្តសំខាន់៣ យ៉ាងដែលអាចជួយបាន។

១)យុទ្ធសាស្រ្តទប់ទល់ ដើម្បីបន្តនិរន្តរភាព (Survival strategy)៖

សម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគដែលមិនបានត្រៀមខ្លួន សម្រាប់ប្រឈមនឹងហានិភ័យ នៅគ្រាដែលមានវិបត្តិដូចពេលបច្ចុប្បន្ន ត្រូវធ្វើយ៉ាងណាខិតខំគ្រប់គ្រងចរន្តសាច់ប្រាក់អោយបានល្អ។ ក្នុងករណីដែល ចំណូលធ្លាក់ចុះខ្លាំងត្រូវព្យាយាមកាត់បន្ថយចំណាយ និងពន្យាការសងបំណុលនានាដូចជាតាមរយៈ ចរចាជាមួយម្ចាស់អាគារដែលអ្នកជួលធ្វើអាជីវកម្មនិងធនាគារដែលអ្នកជំពាក់។ល។

បន្ថែមលើនេះ ត្រូវពិចារណាថា តើនៅមានទ្រព្យសម្បត្តិអ្វីខ្លះ ដែលអ្នកអាចនឹងលក់ហើយមិត្តភក្រ័សាច់ញាតិ ណាដែលអ្នកអាចខ្ចីប្រាក់ដើម្បីយកមកស្រោចស្រង់អាជីវកម្មរបស់អ្នកបាន។ ឧទាហរណ៍ មហាសេដ្ឋីជនជាតិ អង់គ្លេស លោក រីឆាតប្រេនសុន បានប្រកាសលក់កោះផ្ទាល់ខ្លួន ដើម្បីយកប្រាក់ស្រោចស្រង់អាជីវកម្ម។

២)យុទ្ធសាស្រ្តពង្រឹងកម្លាំងត្រៀមទន្រ្ទានពង្រីកទីផ្សារ និងចាប់ឱកាសថ្មីៗ (Preparation for market penetration and new opportunities)៖

ក្នុងខណៈដែលអាជីវកម្មឬការវិនិយោគរបស់អ្នកដំណើការធម្មតាឬជួបបញ្ហាខ្លះៗក្តី ប៉ុន្តែអ្នកបានត្រៀម ខ្លួនរួចរាល់សម្រាប់ប្រឈមនឹងហានិភ័យនាពេលមានវិបត្តិ អ្នកគប្បីវិនិយោគលើការពង្រឹងសម្ថភាពផ្ទៃក្នុង ដូចជាបំពាក់បច្ចេកវិទ្យា (ក្នុងការគ្រប់គ្រងសន្និធិការលក់ បុគ្គលិក) ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹកសមត្ថភាពទទួលបានហិរញ្ញប្បទាន ដើម្បីត្រៀមទន្ទ្រានទីផ្សារនិងចាប់យកឱកាសថ្មីៗនៅពេល វិបត្តិចាប់ផ្តើមធូរស្រាល និងសេដ្ឋកិច្ចចាប់ផ្តើមដំណើការល្អឡើងវិញ។

៣) យុទ្ធសាស្រ្តវាយលុកពង្រីកទីផ្សារឬចាប់យកឱកាសថ្មីៗ (Market penetration and investing in new opportunities)៖

ក្នុងខណៈដែលអាជីវកម្ម ឬការវិនិយោគដំណើការធម្មតា អ្នកមានប្រពន្ធគ្រប់គ្រងផ្ទៃក្នុងរឹងមាំ មានធនធាន មនុស្សគ្រប់គ្រាន់ និងមានសមត្ថភាពផ្នែកហិរញ្ញវត្ថុខ្ពស់ នោះជាឱកាសវាយលុកដើម្បីទន្ទ្រានពង្រីកទីផ្សារ និងចាប់យកឱកាសថ្មីៗ។ នេះជាឱកាសដ៏ល្អបំផុត សម្រាប់ពង្រីកអាជីវកម្មនិងទំហំផលបត្រ័វិនិយោគប្រកបដោយគុណភាព៕