សហគ្រិនភាព ជាប្រធានបទយ៉ាងសំខាន់សម្រាប់កម្ពុជានាពេលបច្ចុប្បន្ននេះ ព្រោះសហគ្រិនភាព​ជាចំណុចចម្បងមួយដែលអាចជួយរុញច្រានឱ្យមានការអភិវឌ្ឍ។

សហគ្រិនភាពអាចនឹងត្រូវបានគេប្រើប្រាស់សម្រាប់ជីវិតរស់នៅ ការធ្វើការងារ និងការធ្វើអាជី​វកម្ម។ ជាក់ស្តែង ថ្វីត្បិតតែ​មនុស្សទូទៅយល់ថា សហគ្រិនភាពជាលក្ខណៈសម្បត្តិសម្រាប់អ្នករកស៊ី តែវាក៏អាចជាចំណុចល្អសម្រាប់មនុស្សទូទៅដែរ។ ព្រោះកាលណា មនុស្សមានសហគ្រិនភាពក្នុងខ្លួនពួកគេនឹង​ចាប់ផ្តើមមានសមត្ថភាពកាន់តែខ្លាំងក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន​លើគ្រប់ផ្នែកទាំងអស់ទាំងជីវិតឯកជន និងជីវិតការងារ។ បន្ថែមពីលើនេះសហគ្រិនភាពក៏សំខាន់ផងដែរសម្រាប់ស្ត្រីក្នុងសង្គមដែលផ្តោតតម្លៃលើសមភាពយែនឌឺនាពេលបច្ចុប្បន្ននេះ។ 

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថាមានហេតុផលសំខាន់ៗចំនួន ៥យ៉ាងដែលស្ត្រីគួររៀបចំខ្លួនជាសហគ្រិន ឬជាអ្នកវិនយោគដោយហេតុផលទីមួយគឺ ស្ត្រីគួរមានសហគ្រិនភាពដើម្បីសម្របខ្លួនឱ្យបានល្អជាមួយនឹងរបត់ថ្មី បន្ទាប់ពីពិភពលោករងផលប៉ះពាល់ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។ ចំណុចទី២ គឺការរៀបចំខ្លួនឱ្យក្លាយជាអ្នកវិនិយោគ អាចជួយស្ត្រីឱ្យ​កាន់តែមានសមត្ថភាពផ្នែកគំនិត ឬអាចនិយាយបានថានឹងធ្វើឱ្យស្ត្រីមានភាព​វៀងវៃ និងវិនិយ័យតាមរយៈការរៀនសូត្រជាប់ជាប្រចាំ។

ចំណុចសំខាន់ទី៣ ដែលអ្នកវិនិយោគខាងលើបានលើកឡើងគឺ សហគ្រិនភាពអាចនឹងរក្សាលំហាត់រំញោចខួរក្បាលបានល្អសម្រាប់ស្ត្រី ព្រោះការវិនិយោគចាំបាច់ត្រូវការ​គិតគូរពិចារណាជាប្រព័ន្ធដើម្បីធានាថា ​យើងអាចប្រើប្រាស់អស់លទ្ធភាពនូវ​ធនធានដែលយើងមាន។ ចំណុចសំខាន់ទី៤ គឺសហគ្រិនភាពអាចជួយ​ស្ត្រីឱ្យ​ចៀសផុតពីភាពឯកាព្រោះអ្នកវិនិយោគភាគច្រើនគេរកស៊ីជាក្រុម។ ហេតុនេះពួកគាត់អាចនឹង​ចូលរួមទៅក្នុងបណ្តាញរបស់ស្ត្រីដែលធ្វើឱ្យគាត់កាន់តែមានទំនាក់ទំនងល្អជាមួយមនុស្សជាច្រើន។

ចំណុចសំខាន់ទី៥ ដែលសហគ្រិនភាពអាចជួយដល់ស្ត្រីនោះគឺ ការប្រឡូកក្នុង​ជំនួញ​នឹងជួយឱ្យគ្រួសារមានភាពរឹងមាំ។លោកថាបើគ្រួសារមួយពឹងតែលើបុរសជាបង្គោលធំនោះគ្រោះសារនឹងរងគ្រោះនៅពេលបង្គោលធំនោះរលំដោយមូលហេតុនានា ដូចជាពិការភាពជាដើម៕