ខេត្តសៀមរាប៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប សម្រេចបានប្រមាណជាង ២០ភាគរយ នៃផែនការសរុប តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នាថ្ងៃ ០៣ខែ មេសា ឆ្នាំ ២០២២ នេះ បានមានប្រសាសន៍ថា មកដល់ពេលនេះ ដល់ពេលដែលកម្ពុជាប្រកាសពីតារារះនាទិសឧត្តរហើយ ពីព្រោះបច្ចុប្បន្នយើងមានតារារះនាទិសនិរតីរួចហើយ ដូច្នេះនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា តំបន់ភូមិភាគនេះជាតារារះនាទិសឧត្តរ

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នេះនឹងអាចទទួលបានការហោះហើរយន្តហោះគ្រប់កម្រិត។ 

បន្ថែមពីនេះ សម្ដេចតេជោ ក៏នឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ជុំវិញនេះ ជាពិសេសនឹងបង្កើតជាកូនទីក្រុងនៅទីនេះទៀតផងនាពេលខាងមុខ៕