ខេត្តកណ្ដាល៖ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ទទួលការវិនិយោគលានយន្តហោះដែលត្រូវបានសម្ដេចតេជោ ដាក់ឈ្មោះថា "អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ" បានឲ្យដឹងថា អាកាសយាន្ដដ្ឋាននេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ 

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។

សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា, ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ, ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ, សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។ 

គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា៕