ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុក្នុងរយៈពេលជាង២ឆ្នាំមុន មានសន្ទុះរីកចំរើនយ៉ាងខ្លំាងដោយសារមានការចូលរួមវិនិយោគពីវិនិយោគិនចិន ទៅលើវិស័យសំណង់ធំៗដូចជាសណ្ឋាគារ អគារមជ្ឈមណ្ឌល ខុនដូរ ភោជនីយដ្ឋាន និងផ្សារទំនើប និងកាស៊ីណូផងដែរ ប៉ុន្តែត្រូវបានធ្លាក់ចុះវិញនៅដើមឆ្នាំ២០២០ បន្ទាប់ពីមានការចាកចេញរបស់ជនជាតិចិនមួយចំនួន ជាពិសេសបណ្តាលមកពីវិបត្តិជំងឺកូវីដ។ យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា ទីផ្សារមួយនេះនឹងកើនឡើងវិញបន្ទាប់ពីបញ្ចប់ការសាងសងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងក្រុងរួចរាល់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលកន្លងមកនេះថា វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុនៅតែអាចបន្តភាពរីកចំរើនបន្ថែមទៀត ហើយបន្ទាប់ពីបញ្ចប់ការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធនាពេលខាងមុខនេះ នឹងបង្កើនភាពទាក់ទាញលើការវិនិយោគលើវិស័យផ្សេងៗជាពិសេសសេវាទេសចរណ៍ ដែលនឹងជួយជំរុញឱ្យមានភាពល្អប្រសើរដល់វិស័យអចលនទ្រព្យផងដែរ។

លោកបន្តថា ចាប់តាំងពីដើមឆ្នាំ២០២០ កម្ពុជាជួបវិបត្តិជំងឺcovid-19 ធ្វើឱ្យខេត្តព្រះសីហនុមានស្ថានភាពធ្លាក់ចុះទៅលើការវិនិយោគវិស័យអចលនទ្រព្យ និងសំណង់ ប៉ុន្តែបន្ទាប់រដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ខេត្តជាខេត្តសេដ្ឋកិច្ចគំរូ និងចំណាយថវិកាប្រមាណ ៣០០លានដុល្លារក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងក្រុង រួមជាមួយការការៀបចំឆ្នេរដែលធ្វើឱ្យមានការទាក់ទាញបន្ថែមទៀត ជាពិសេសមានការវិនិយោគវិស័យអចលនទ្រព្យឡើងវិញជាបណ្តើរៗ។ លោកថា ការរៀបចំបែបនេះ គឺឱ្យមានចំណាប់អារម្មណ៍ពីទេសចរមកលេងនៅក្នុងខេត្តមួយនេះកាន់តែច្រើនថែមទៀត ដែលជាការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ឡើងវិញ។ 

គម្រោងផ្លូវចំនួន៣៤ខ្សែ មានប្រវែងសរុប ៨២,៥០៥ ម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ គិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវនាថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៩  រហូតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណជិត ១០០ភាគរយ នឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខឆាប់ៗនេះ ។

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ នឹងរួមចំណែកដ៏ធំធេងក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចពិសេសអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដែលជាការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា៕