ប្រទេសឡាវ៖ គម្រោងនៃការសាងសង់ផ្លូវដែកប្រវែង 555 គីឡូម៉ែត្រ (452 គីឡូម៉ែត្រ​ស្ថិតក្នុង​ប្រទេស​ឡាវ និង 103 គីឡូម៉ែត្រស្ថិត​ក្នុង​ប្រទេស​វៀតណាម) ដែលនឹងត្រូវតភ្ជាប់ពី រដ្ឋធានីវៀងច័ន្ទរបស់ឡាវ មកកំពង់ផែសមុទ្រ Vung Ang ក្នុងខេត្ត Quang Binh ភាគកណ្តាល ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ។

ផ្លូវដែកនេះ ​នឹង​អនុញ្ញាត​ឱ្យ​ពាណិជ្ជកម្មរបស់ប្រទេសឡាវ អាច​ចូល​ដល់​កំពង់ផែ​សមុទ្រទឹក​ជ្រៅ និងនាំចេញទៅក្រៅប្រទេសបន្ត​។ ផ្លូវដែកនេះ ក៏នឹងផ្លាស់ប្តូរជាមួយផ្លូវដែក ពីខាងជើង-ខាងត្បូង របស់វៀតណាម និងអាចបើកឱកាសនៃសេវាកម្មផ្លូវដែក នៃការធ្វើដំណើរពី ហាណូយ-វៀងចន្ទន៍។ ផ្លូវដែកនេះផងដែរ នឹងតភ្ជាប់ទៅផ្លូវដែកចិន-ឡាវ នៅទីក្រុងវៀងចន្ទន៍ ដែលបានដាក់ឲ្យដំណើរការរួចមកហើយផងដែរ។

ការសិក្សាអំពីលទ្ធភាពសាងសង់នេះ ត្រូវបានធ្វើនៅក្នុងឆ្នាំ 2015 ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ហើយនៅឆ្នាំ 2017 វាត្រូវបានប្រកាសថា គម្រោងនេះអាចដំណើរការបាន។

ថ្មីៗនេះ ក្រុមហ៊ុន​វៀតណាម FLC បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន Petroleum Trading Lao Public Company របស់​ឡាវ ដើម្បី​សាងសង់​ផ្លូវដែក​តម្លៃ៥ពាន់​លាន​ដុល្លារ​ រវាង​ប្រទេស​ទាំងពីរ។ ក្រុមហ៊ុនទាំងពីរ ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ចន្ទផងដែរ។

ក្រុមហ៊ុន FLC នឹងទទួលបន្ទុកសាងសង់មួយផ្នែកក្នុងប្រទេសវៀតណាម មានចម្ងាយ 103 គីឡូម៉ែត្រ ពីព្រំដែន Cha Lo ទៅកំពង់ផែសមុទ្រ។ ចំណែកផ្នែក​ក្នុង​ប្រទេស​ឡាវ ​នឹង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន PetroTrade ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឈានមុខ​គេ​របស់​ប្រទេសឡាវ៕