ភ្នំពេញ៖ ស្វីសគ្រោងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥២លានដុល្លារដល់កម្ពុជា ក្នុងរយៈពេល៤ឆ្នាំគឺពីឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៥។នេះបើតាមលទ្ធផលនៃកិច្ច​ពិគ្រោះ​យោបល់​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហព័ន្ធ​ស្វីស លើ​សេចក្តី​ព្រាង​កម្ម​វិធី​សហប្រតិបត្តិ​ការ​ស្វីស សម្រាប់​តំបន់​មេគង្គ ឆ្នាំ២០២២-២០២៥ ត្រូវ​បាន​រៀបចំ​ឡើង​តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សម្លេង (Video Conference) នា​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

កិច្ចប្រជុំនេះភាគី​កម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​មន្រ្តី​ជាន់​ខ្ពស់ និង​មន្រ្តី​ជំនាញ​មក​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ២០។ រីឯ ​ភាគី​ស្វីស ដឹក​នាំ​ដោយ​លោក ម៉ាកឃឹស ប៊ឺលី នាយក​ទីភា្នក់ងារ​ស្វីស​សម្រាប់​កិច្ច​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ (SDC) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្រ្តី​ជំនាញ​នៃ​ទីភ្នាក់ងារ SDC សរុប​ទាំង​អស់​ប្រមាណ ៦០ រូប។

ក្នុងកិច្ចប្រជុំនេះបានប្រមូលធាតុចូលដើម្បី ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំ កម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់កម្ពុជា ក្នុងក្របខណ្ឌសហប្រតិបត្តិការតំបន់មេគង្គ ២០២២-២០២៥ ឲ្យបានគ្រប់ជុ្រងជ្រោយ។ ជាលទ្ធផល ភាគឺទាំងពីរបានសម្រេចឯកភាពជាគោលការណ៍ កំណត់យកវិស័យអាទិភាពចំនួន​៣ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្នាំ ២០២២-២០២៥ រួមមាន៖

  • វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ
  • ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន
  • និងចុងក្រោយគឺ ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ។
សូមជម្រាបជូនដែរថា យោងតាមប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា ចន្លោះឆ្នាំ២០០២ -២០២០ ភាគីស្វីសបានបើកផ្ដល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ១៤២លានដុល្លារ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា៕