សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពន្ធ​​លើ​ការ​ផ្ទេរ​សិទ្ធិ​​អចលនទ្រព្យ ឬ​​អ្នក​ខ្លះ​និយម​ហៅ​ថា "ពន្ធ​ប្រថាប់​ត្រា" គឺ​ជា​ប្រភេទ​ពន្ធ​ម្យ៉ាង​ដែល​ត្រូវ​បង់​ជូន​រដ្ឋ​នៅ​ពេល​ដែល​មាន​ការ​ផ្ទេរ​សិទ្ធិ​អចលនទ្រព្យ​បណ្តាក់​ដៃ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​តាម​រយៈ​ការ​លក់​ ជា​អំណោយ ឬ​ការ​ដោះ​ដូរ ឬ​ការ​ដាក់​ភាគ​ហ៊ុន​ជាដើម​។

ពន្ធ​ប្រថាប់​ត្រា​ត្រូវ​អនុវត្ត​ប្រមូល​ទៅ​លើ​៖

  • ការ​ផ្ទេរ​កម្ម​សិទ្ធិ​ ឬ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​ ឬ​ការ​ដាក់​ភាគ​ហ៊ុន​ជា​អចលន​ទ្រព្យ​ក្នុង​ក្រុម​ហ៊ុន និង​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ ឬ​សិទ្ធិ​​កាន់​​​កាប់​មធ្យោបាយ​​ដឹក​ជញ្ជូន​ ឬ​យាន្ត​យន្ត​គ្រប់​ប្រភេទ​

  • ការ​ផ្ទេរ​ចំណែក​​ណា​មួយ ឬ​ទាំង​ស្រុង​នៃ​ភាគ​ហ៊ុន​​របស់​ក្រុមហ៊ុន​

  • កិច្ច​សន្យា​ផ្គត់​ផ្គង់​​ទំនិញ ឬ​សេវា ដែល​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​

  • លិខិត​មាន​លក្ខណៈ​​គតិ​យុត្ត ជា​អាទ៌៍​ លិខិត​​ស្តី​ពី​ការ​បង្កើត​ក្រុមហ៊ុន​ លិខិត​ស្តី​ពី​ការ​រំលាយ​​ក្រុមហ៊ុន​បញ្ចូល​គ្នា ឬ​ការ​បិទ​ក្រុមហ៊ុន​។

ពន្ធ​ប្រថាប់​ត្រាត្រូវ​កំណត់​​តាម​អត្រា​៤% ចំពោះ​ការ​ផ្ទេរ​កម្ម​សិទ្ធិ​អចលនទ្រព្យ​ឬ​ការ​​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ដែល​គ្មាន​សំណង់​ក្រោម​រូប​ភាព​ជា​ការ​​លក់ការ​ដោះ​ដូរ ការ​ទទួល​អំណោយការ​ដាក់​ភាគ​ទុន​ក្រុមហ៊ុន។

Image

អត្រា​ពន្ធ និង​ការ​កំណត់​ពន្ធ​ប្រថាប់​ត្រាមាន​ដូច​ជា​៖

៤% ​នៃ​តម្លៃ​អចលនទ្រព្យ​ចំពោះ​ការ​ផ្ទេរ​កម្ម​សិទ្ធិឬ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​ជា​សំណង់​ឬ​ដី ឬ​ការ​ដាក់​ភាគ​ហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន​។

៤% ​នៃ​តម្លៃ​មធ្យោបាយ​​ដឹក​ជញ្ជូន​ឬ​យាន​យន្ត​ ចំពោះ​ការ​ផ្ទេរ​កម្ម​សិទ្ធិឬ​សិទ្ធិ​កាន់​កាប់​មធ្យោបាយ​ដឹក​ជញ្ជូន​ឬ​យាន​យន្ត​​គ្រប់​ប្រភេទ​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាលរថយន្ត​​ ទោចក្រយាន​យន្ត​កាណូត សាឡង់ កប៉ាល់​-ល-។

០,១% នៃ​តម្លៃ​ភាគ​ហ៊ុនចំពោះ​ការ​ផ្ទេរ​ចំណែក​​ណា​មួយឬ​ទាំង​ស្រុង​នៃ​ភាគ​ហ៊ុនឬ​ការ​រំលាយ​​ក្រុមហ៊ុន​បញ្ចូល​គ្នា​។

០,១% នៃ​តម្លៃ​ចុះ​កិច្ច​សន្យា​ចំពោះ​កិច្ច​សន្យា​ផ្គត់​ផ្គង់​​ទំនិញ​ឬ​សេវា​ ដែល​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​។

១​លាន​រៀល ចំពោះ​លិខិត​មាន​លក្ខណៈ​​គតិ​យុត្ត៣​ប្រភេទ​គឺ លិខិត​ស្តី​ពី​ការ​បង្កើត​ក្រុមហ៊ុន​លិខិត​ស្តី​ពី​ការ​បិទ​ក្រុមហ៊ុន​និង​លិខិត​​ស្តី​ពី​ការ​រំលាយ​​ក្រុមហ៊ុន​បញ្ចូល​គ្នា​។

ដោយ​ឡែក​ពន្ធ​ប្រថាប់​ត្រាត្រូវ​បាន​លើក​លែង​ដូច​ខាង​ក្រោម​៖

ការ​ទទួល​កម្ម​សិទ្ធិ​ឬ​សិទ្ធិ​កាន់​កាប់​ដី​ក្នុង​លក្ខណៈ​សម្បទាន​ពី​រាជ​រដ្ឋាភិបាល​សម្រាប់​ជា​ប្រយោជន៍​សេដ្ឋកិច្ច​ឬ​សង្គម​កិច្ច​។

ការ​ទទួល​កម្ម​សិទ្ធិឬ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​ក្នុង​រង្វង់​ញាតិ​៖

  • ការ​ធ្វើ​សន្តិកម្ម​ (មរតក) រវាង​ឪពុក​ម្តាយ​បង្កើត និង​កូន​បង្កើត រវាង​ប្តី​ និង​ប្រពន្ធ និង​រវាង​យាយ​តា​បង្កើត និង​ចៅ​បង្កើត​។

  • ការ​ធ្វើ​ប្រទាន​កម្ម​ (អំណោយ​) រវាង​ឪពុក​ម្តាយ​បង្កើត និង​កូន​បង្កើត រវាង​ប្តី និង​ប្រពន្ធ និង​រវាង​យាយ​តា​បង្កើត និង​ចៅ​បង្កើត​ សម្រាប់​តែ​ការ​ផ្ទេរ​លើក​ទី​មួយ​ប៉ុណ្ណោះ។ ហើយ​ចាប់​ពី​លើក​ទី​ពីរ​ទៅ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដក​មូលដ្ឋាន​​គិត​ពន្ធ​ប្រថាប់​ត្រា ១០០​លាន​រៀល។ សម្រាប់​ការ​ធ្វើ​សន្តតិកម្ម​ និង​ប្រទាន​កម្ម​ទាម​ទារ​ឱ្យ​មាន​​ឯកសារ​បញ្ជាក់​ទំនាក់​ទំនង​អំពី​ញ្ញតិ ដូច​ជា​សៀវភៅ​គ្រួសារ​ សំបុត្រ​កំណើត សំបុត្រ​អាពាហ៍​ពិពាហ៍ ឬ​ឯកសារ​ទាក់​ទង​ផ្សេង​ៗ​ទៀត​។

ការ​ផ្ទេរ​កម្ម​សិទ្ធិ​ទោចក្រ​យាន​យន្តត្រី​ចក្រ​យាន​យន្ត​គ្រប់​ប្រភេទត្រាក់​ទ័រនិង​ជល​យាន​យន្ត​គ្រប់​ប្រភេទ​ដែល​មាន​កម្លាំង​ដល់​១៥០​សេះ​។

ពន្ធ​ប្រថាប់​ត្រាត្រូវ​បាន​បង់​ដោយ​អ្នក​ទទួល​កម្ម​សិទ្ធិ​ទទួល​សិទ្ធិ​​​កាន់​កាប់​ដី​ធ្លី​ដែល​គ្មាន​សំណង់​គិត​ជា​សមមាត្រ​លើ​តម្លៃ​ពិត​ប្រាកដ​នៃ​ទ្រព្យ​សម្បត្តិ​​នា​ថ្លៃ​ផ្ទេរ​កម្ម​សិទ្ធិ​និង​សិទ្ធិ​កាន់​កាប់​។ ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​ភាព​ងាយ​ស្រួល​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​អាច​កំណត់​តម្លៃ​​សម្រាប់​រយៈ​កាល​នីមួយ​ៗដើម្បី​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​គិត​គូរ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​៕

ប្រភព៖ ប្រភេទ​នៃ​ពន្ធ លោក​ ឡោ ក្រឹម, Realestate, Apamat 

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ