កម្ពុជា ជាប្រទេសដែលមានសក្តានុពលយ៉ាងខ្លាំង លើផ្នែកទីតាំងភូមិសាស្ត្រ ចំនួនប្រជាជននិងកសិកម្មជាដើម។ ស្ថានភាពបែបនេះ ជាចំណុចអំណោយផលនិងវិជ្ជមានសម្រាប់ការបង្កើតអាជីវកម្មថ្មី (Start Up) តែកន្លងមក បញ្ហាប្រឈមដែលធ្វើឱ្យចំនួនអាជីវកម្មថ្មីក្នុងប្រទេសយើងនៅមានកម្រិត គឺកង្វះស្ថាប័នបណ្តុះបណ្តាលឱ្យបានជាក់លាក់ ពីជំនាញនិងវិធីសាស្រ្តសំខាន់ៗសម្រាប់រក្សាលំនឹងធរុកិច្ច។
លោក គង់ វិចិត្រា ជាសហគ្រិនកម្ពុជាមួយរូបបានលើកឡើងថា ការបណ្តុះបណ្តាលជំនាញសហគ្រិនភាពឬធុរកិច្ចពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង ព្រោះជាក់ស្តែង ប្រជាជនយើងបច្ចុប្បន្ននេះ កាន់តែច្រើនឡើងហើយ ដែលទទួលបានការសិក្សាខ្ពស់ មានចំណេះជំនាញ រហូតដល់ឧត្តមសិក្សា កម្រិតវិជ្ជាជីវៈនិងមានសមត្ថភាពបង្កើតស្នាដៃថ្មីៗ។ សមត្ថភាពទាំងអស់នេះ ពេលខ្លះអាចនឹងបង្កើតបានជាអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មិនចាញ់អាជីវកម្មនៅបរទេសនោះទេ តែអ្វីដែលជាបញ្ហាប្រឈមគឺ ពួកគាត់មិនទាន់មានចំណេះដឹងខ្ពស់លើសហគ្រិនភាព ឬវិធីសាស្រ្តក្នុងការកែប្រែគំនិតបង្កើតថ្មី ឬនវានុវត្តន៍របស់គាត់នោះឱ្យទៅជាអាជីវកម្មបាន។ហេតុនេះប្រសិនបើមាន ការបង្កើតឡើងនូវសាលាធុរកិច្ចថ្មី (Start Up) ដូចជាសាលាធុរកិច្ចតេជោនេះជាដើម អាចនឹងធ្វើឱ្យយុវជនខ្លាំងៗរបស់យើង នឹងកាន់តែមានឱកាសច្រើនក្នុងការច្នៃប្រតិដ្ឋសម្មិទិ្ធផលថ្មីៗដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់សង្គមប្រកបដោយនិរន្តរភាព។
លោក គង់ វិចិត្រា បាននិយាយថា៖ «វាជាការប្រសើរខ្លាំងណាស់ប្រសិនបើយើង បានបង្រៀនយុវជនរបស់យើងឱ្យមានសមត្ថភាពរកស៊ីមិនមែនចាំតែដេកស៊ីនោះ ព្រោះកាលណាយើងមានអាជីវកម្មច្រើនមិនមែនមានន័យថាយើងបង្កើតច្រកប្រកួតប្រជែងគ្នាខ្លាំងពេកនោះទេតែអាចជាការបង្កើតសហគមន៍ពាណិជ្ជកម្មធំមួយសម្រាប់ជួយគ្នា និងជួយសង្គមទៅវិញទេ»។
ទោះជាយ៉ាងនេះក្តី សហគ្រិនខាងលើក៏បានលើកឡើងថា ការអប់រំឱ្យមានចំណេះដឹងផ្នែកសហគ្រិនភាពជារឿងសំខាន់មួយ តែអ្វីដែលកាន់តែសំខាន់ទៅទៀតនោះ គឺបើយើងមានស្ថាប័នក្នុងការបន្តគាំពារនិងយកចិត្តទុកដាក់ដូចជាការបង្វឹក (coaching) តម្រង់ទិស (mentoring) ឬភ្ជាប់ទំនាក់ទំនងល្អ ជាមួយស្ថាប័នពាណិជ្ជកម្មដទៃទៀតនៅពេលគាត់បានប្រើប្រាស់ចំណេះដឹងទៅបង្កើតជាក្រុមហ៊ុន-សហគ្រាសនឹងកាន់តែប្រសើរ។ ការភ្ជាប់ទំនាក់ទំនងនេះទៀតសោត ប្រសិនបើយើងអាចបើកច្រកក្នុងការទាក់ទងជាអន្តរជាតិទៅកាន់ប្រទេសនានា នោះយើងនឹងឃើញថា អាជីវកម្មក្នុងស្រុករបស់យើងកាន់តែមានលក្ខណៈទូលំទូលាយ តែទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ យើងក៏ឃើញមានស្ថាប័នខ្លះ ក៏ធ្វើរឿងនេះបានល្អដែរដូចជា សភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតដែលកំពុងជួយដល់អាជីវកម្មនៅក្នុងស្រុក។
យុវជន សុខ នី និស្សិតមួយរូបដែលសិក្សាជំនាញគ្រប់គ្រងបានលើកឡើងថា ប្រសិនបើកម្ពុជាមានសាលាផ្នែកធុរកិច្ចថ្មី(start up) គឺជារឿងល្អណាស់ ព្រោះកន្លងមក យើងមានថ្នាក់សិក្សាលើការគ្រប់គ្រងអាជីវកម្មផ្នែកទីផ្សារ និងផ្នែកពាក់ព័ន្ធជាច្រើនទៀត តែអ្វីដែលជាចំណុចសំខាន់គឺមុខជំនាញទាំងអស់នោះ មានលក្ខណៈជាសកល និងទូលាយខ្លាំងពេក។ នៅពេលដែលមានលក្ខណៈទូលាយខ្លាំងបែបនេះ សិស្សអាចនឹងលំបាកក្នុងការយកមកអនុវត្តជាក់ស្តែងប្រសិនបើពួកគេប្រើប្រាស់វាមកអនុវត្តផ្ទាល់ឬបង្កើតជាអាជីវកម្មផ្ទាល់ខ្លួន។ កន្លងមក មានអ្នកខ្លះយកមកប្រើប្រាស់មិនត្រូវគោលដៅ ឬបត់បែនមិនទាន់ក៏ត្រូវបរាជ័យ ហេតុនេះហើយទើបគេតែងឮអ្នកសិក្សាមួយចំនួននិយាយថា ការរកស៊ីពិតប្រាកដមិនដូចជាមេរៀនក្នុងសាលា។
យុវជនខាងលើបានបន្ថែមទៀតថា ហេតុនេះសាលាបណ្តុះបណ្តាលពីធុរកិច្ចថ្មី អាចជាកន្លែងបណ្តុះបណ្តាលលើជំនាញដ៏មុតស្រួចមួយ លើការបង្កើតអាជីវកម្មដែលស៊ីគ្នាជាមួយនឹងបរិបទកម្ពុជា និងធ្វើឱ្យអ្នកសិក្សាងាយស្រួលអនុវត្តដើម្បីបង្កើតអាជីវកម្មដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម៕