លោកអ្នកប្រាកដជាបានស្គាល់ហើយ លោក Jackie Chan ឬដែលមនុស្សទូទៅតែងតែហៅលោកថា ឈិន ឡុង គឺជាសិល្បៈករឆ្នើមខាងផ្នែកក្បាច់គុននិងចម្រៀង ដែលមានកេរិ៍្តឈ្មោះល្បីល្បាញ ព្រមទាំងមានអ្នកគាំទ្រជាច្រើនរាប់មិនអស់នៅជុំវិញពិភពលោក។ លោកធ្លាប់បានចូលរួមសម្តែងជាតួអង្គឯក ក្នុងភាពយន្តហូលីវូដល្បីៗមិនតិចនោះទេ ដែលបច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់និងចាត់ទុកថាជាកំពូលសិល្បៈករឆ្នើមខាងក្បាច់គុនមួយរូប ប្រចាំប្រទេសចិនរួមជាមួយនឹងទ្រព្យសម្បត្តិជាច្រើនលានដុល្លារផងដែរ ។

ទម្រាំតែទទួលបានជោគជ័យឈរនៅចំណុចនេះ ជីវិតរបសស់លោក Jackie Chan គឺមិនមានភាពងាយស្រួលនោះទេ ពោលគឺលោកបានឆ្លងកាត់ការលំបាក និងមានបទពិសោធន៍រតស៊ូជាច្រើនរាប់មិនអស់ឡើយ។ ខាងក្រោមនេះគឺជាដំបូន្មានល្អៗទាំង១០ ដែលលោក Jackie Chan បានធ្វើការចែករំលែក។

ទី១) “ចូរកុំឱ្យកាលៈទេសៈអាក្រក់ណាមួយ ត្រួតត្រានិងកំណត់ជីវិតអ្នក។ អ្នកត្រូវតែផ្លាស់ប្តូរ និងកែច្នៃវាឱ្យបានប្រសើរឡើង”។

ជាការពិតណាស់ បញ្ហាមួយចំនួនដែលអ្នកបានជួបប្រទះនៅក្នុងជីវិត វាអាចនឹងធ្វើឱ្យអ្នកអស់សង្ឃឹម និងមិនចង់បន្តដំណើរទៅមុខបន្តទៀតឡើយ។ ក៏ប៉ុន្តែអ្នកគូរតែគិតថាគ្រប់បញ្ហាទាំងអស់ គឺសុទ្ធសឹងតែមានដំណោះស្រាយជានិច្ច។ ម៉្យាងវិញទៀតជីវិតគឺត្រូវតែមានការតស៊ូ ពោលគឺគ្មានភាពជោគជ័យណាដែលកើតឡើង ដោយមិនបានឆ្លងកាត់ភាពបរាជ័យនោះទេ។ដូច្នេះចូរកុំឱ្យកាៈទេសៈអាក្រក់ ឬភាពបរាជ័យណាមួយ មកបំផ្លាញក្តីស្រមៃរបស់អ្នកបានឱ្យសោះ។

ទី២) “ខ្ញុំធ្វើអំពើល្អមិនបានខ្លាំងណាស់ណាទេ ក៏ប៉ុន្តែខ្ញុំតែងតែធ្វើវាជារៀងរាល់ថ្ងៃ”។

ពាក្យថាអំពើល្អ គឺជាការជួយនិងធ្វើដោយចេញពីចិត្ត។ ការធ្វើអំពើល្អគឺមិនចាំបាច់ទាល់តែអ្នកមានទ្រព្យសម្បត្តិច្រើន ឬធ្វើការចំណាយច្រើនលើសលប់នោះទេ។ មានន័យថាប្រសិនបើអ្នកធ្វើវាដោយចេញពីចិត្ត ទោះតិចឬច្រើនក្តី និងធ្វើវាជារៀងរាល់ថ្ងៃគ្រប់ពេលវេលានោះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។

ទី៣) “តើអ្នកដឹងទេ ថាហេតុអ្វីបានជាខ្ញុំមានថ្ងៃនេះ?គឺដោយសារតែខ្ញុំបានព្យាយាមនិងមិនបោះបង់។ ស្របពេលដែលមនុស្សជាច្រើនកំពុងតែគេងគឺខ្ញុំតែងតែហ្វឹកហាត់ជានិច្ច”។

ការតស៊ូ ព្យាយាម  និងមិនបោះបង់គឺជាគន្លឹះនាំអ្នកឆ្ពោះទៅរកពាក្យថាជោគជ័យ។ អ្នកត្រូវតែខិតខំប្រឹងប្រែង ហ្វឹកហាត់ឱ្យបានច្រើនជាពិសេសនោះគឺកុំចុះចាញ់នឹងបញ្ហាឱ្យសោះ។ ប្រសិនបើអ្នកដ៏ទៃដើរ អ្នកត្រូវតែរត់ធ្វើយ៉ាងណាកុំឱ្យភាពខ្ចិលច្រអូស និងភាពភ័យខ្លាចមកគ្រប់គ្រងជីវិតរបស់អ្នកបានឱ្យសោះ។

ទី៤) “មានមនុស្សជាច្រើនបានសួរមកកាន់ខ្ញុំ នៅពេលដែលខ្ញុំជួបបញ្ហាធំថាតើខ្ញុំខ្លាចទេ? ជាការពិតណាស់ខ្ញុំក៏ខ្លាចដែរ​ ពីព្រោះថាខ្ញុំមិនមែនជាវីរៈបុរសនោះទេ”។

ប្រសិនបើអ្នកហត់នឿយ អ្នកភ័យខ្លាច អ្នកអាចសម្រាកបាន ពីព្រោះថាអ្នកមិនមែនជាវីរៈបុរសឡើយក៏ប៉ុន្តែអ្នកមិនអាចបោះបង់នោះទេ។ អ្នកមិនចាំបាច់រឹងមាំគ្រប់ពេលនោះទេក៏ប៉ុន្តែអ្នកត្រូវតែកំណត់ឱ្យច្បាស់ថាអ្វីគឺជាគោលដៅនិងអ្វីជាបំណងប្រាថ្នារបស់អ្នក។ ប្រសិនបើអ្នកដួល អ្នកត្រូវតែងើបម្តងហើយម្តងទៀតរហូតដល់អ្នកអាចសម្រេចវាបាន។

ទី៥) “ការឈឺចាប់គឺជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ។ដរាបណាខ្ញុំមិនទាន់ធ្លាក់ខ្លួនទៅកាន់មន្ទីរពេទ្យ គឺវាគ្មានអ្វីជាបញ្ហាចោទសម្រាប់នោះខ្ញុំទេ”។

យើងដឹងថាបញ្ហា និងការលំបាកដែលអ្នកបានជួប បណ្តាលមកពីភាពបរាជ័យគឺបានធ្វើឱ្យអ្នកឈឺចាប់ និងហត់នឿយ។ ក៏ប៉ុន្តែអ្នកត្រូវផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ក្នុងការបន្តដំណើរទៅមុខ។ ប្រសិនបើអ្នកនៅតែមានលទ្ធភាពអាចធ្វើវាបានអ្នកមិនត្រូវចុះចាញ់នោះទេ។

ទី៦) “ប្រសិនបើមនុស្សគ្រប់គ្នាសុទ្ធតែធ្វើអំពើល្អនោះ ពិភពលោកទាំងមូលប្រាកដជាពោពេញទៅដោយសេចក្តីល្អជាក់ជាមិនខាន”។

អំពើល្អគឺជាសេចក្តីត្រូវការរបស់មនុស្សគ្រប់រូបគ្រប់ទីកន្លែង និងគ្រប់ពេលវាលា។ ពិភពលោកទាំងមូលនឹងប្រែជាស្រស់បំព្រងនៅពេលដែលមនុស្សរួមគ្នាធ្វើអំពើល្អ។​កាលណាពិភពលោកពោពេញទៅដោយអំពើល្អគឺប្រាកដជាគ្មានការរើសអើង គ្មានសង្រ្គាម គ្មានការកាប់សម្លាប់កើតឡើងនោះឡើយ។ ផ្ទុយទៅវិញគឺមានតែសុខសន្តិភាពនិងសេក្តីស្រឡាញ់ទៅវិញទេ។

ទី៧) “ចូរចងចាំថា នៅលើលោកនេះគ្មានអ្វីដែលមិនអាចទៅរួចនោះទេ”។

នៅលើលោកនេះគ្មានអ្វីដែលថាមិនអាចទៅរួចនោះទេ ហើយក៏គ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះដែរប្រសិនបើអ្នកមានការយកចិត្តទុកដាក់ ការតស៊ូ និងការព្យាយាម ។ដូច្នេះចូរកុំដាក់សម្ពាធលើខ្លួនឯងឱ្យសោះ អ្នកត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពជឿជាក់លើខ្លួនឯង និងកុំបោះបង់ឱ្យសោះ មិនយូរទេអ្នកនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។

ទី៨) “ក្តីស្រមៃរបស់ខ្ញុំគឺការថតភាពយន្តជារៀងរហូតលុះត្រាតែសុខភាពរបស់ខ្ញុំមិនអាចទ្រាំទ្រទៀតបាន”។

អ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ អ្នកត្រូវតែធ្វើវាឱ្យហើយកុំចាំស្អែក កុំចាំដល់ពេលដែលអ្នកធ្វើវាលែងកើត។ចាប់ផ្តើមធ្វើអ្វីដែលជាក្តីស្រមៃរបស់អ្នកនៅពេលនេះ ថ្ងៃនេះ និងជារៀងរហូត រហូតដល់អ្នកទទួលបានលទ្ធផលនិងរហូតដល់អ្នកអស់លទ្ធភាពក្នុងការធ្វើវា។

ទី៩)“បញ្ហាមួយចំនួន គឺជាឧបស័គ្គធ្វើឱ្យជីវិតរបស់អ្នកដួលរលំក៏ពិតមែន ក៏ប៉ុន្តែអ្នកអាចតស៊ូធ្វើឱ្យវាប្រសើរឡើងវិញបាន”។

នៅពីក្រោយបុគ្គលជោគជ័យគឺពោពេញទៅដោយបទពិសោធន៍ នៃការបរាជ័យនិងគ្មានពាក្យថា បោះបង់នោះទេ។ ប្រសិនបើអ្នកចង់សម្រេចក្តីស្រមៃរបស់ខ្លួនអ្នកចាំបាច់ត្រូវតែមានការព្យាយាមនិងមានភាពវ័យឆ្លាតក្នុងការកែប្រែស្ថានការណ៍អាក្រក់ៗ ពោលគឺកុំឱ្យភាពបរាជ័យមកបញ្ឃប់អ្នកបាន។

ទី១០) “យើងត្រូវតែធ្វើនូវអ្វីៗដែលយើងអាចធ្វើបានហើយយើងក៏ត្រូវតែជួយអ្នកដ៏ទៃនូវអ្វីដែលយើងអាចជួយបានដូចគ្នា”។

អ្វីដែលអ្នកអាចជួយអ្នកដ៏ទៃបាន​​ អ្នកគួរតែជួយពីព្រោះថាវាគឺជាសេចក្តីល្អ និងជាតម្លៃរបស់អ្នក។ មនុស្សគ្រប់រូបត្រូវការជំនួយពីគ្នាទៅវិញទៅមក គ្មាននរណាម្នាក់អាចរស់នៅដោយគ្មានការពឹងពាក់គ្នាបានឡើយ។ ពេលខ្លះជំនួយរបស់អ្នកត្រឹមតែមួយជ្រុងតូចគឺពិតជាមានតម្លៃសម្រាប់អ្នកដ៏ទៃខ្លាំងណាស់ នៅពេលដែលពួកគេកំពុងត្រូវការវាជាចាំបាច់។

ជារួមមកវិញខាងលើនេះគឺជាដំបូន្មានល្អៗទាំង១០ដែលបានចែករំលែកដោយលោក Jackie Chan ឬដែលលោកអ្នកតែងតែហៅ ជាទទួលបានចំណេះដឹងថ្មីៗពីការចែករំលែកនេះ។ យើងសង្ឃឹមថាលោកអ្នកអាចធ្វើការឈ្វេងយល់ដើម្បីអភិឌ្ឃសមត្ថភាពរបស់ខ្លួនបន្ថែមទៀតក៏ដូចដើម្បីទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាគន្លឹះល្អៗពីការចែករំលែកនេះ៕