សម្ភារៈសម្រាប់សាងសង់ធ្វើជាក្បាលអណ្តូង ក្នុងផលិតកម្មបូមប្រេងដំណាក់កាលដំបូង (Mini Platform) ក្នុងតំបន់ប្រេងប្លុក A នៅដែនសមុទ្ររបស់កម្ពុជា ត្រូវបានក្រុមហ៊ុន Kris Energy ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលកម្ពុជាបញ្ជាក់ប្រាប់ថា បានដឹកជញ្ជូនមកកាន់ទីតាំងគម្រោងហើយ។ 

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Kris Energy ប្រចាំកម្ពុជា លោក Kelvin Tang បានថ្លែងថា “គិតចាប់ពីការរៀបចំកាត់ដែកដំបូងរហូតដល់ការដឹកចេញ ផ្លាតហ្វមខ្នាតតូចនេះ គឺមានរយៈពេល ៩ខែ ហើយសមិទ្ធផលនេះ រឹតតែវិសេសវិសាលថែមទៀត បើទោះបីជាមានការលំបាក និងបំរាមនានា ដែលក្រុមការងាររបស់យើង និងសហការីនៅឯ NOV Profab បានប្រឈមមុខតាំងពីដើមឆ្នាំ២០២០ ដោយសារតែជំងឺ COVID-19”។

ការកសាងផ្លាតហ្វមខ្នាតតូច សម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតដំបូងគេបង្អស់របស់ប្រទេសកម្ពុជា បានចាប់ផ្ដើមតាំងពីដើមខែធ្នូ ឆ្នាំ២០១៩ នៅឯរោងចក្រមួយនៅកោះបាតាម (Batam Island) ប្រទេសឥណ្ឌូនេស៊ី។ ដោយឡែក សម្ភារៈដែលជាគ្រឿងបង្គុំ និងសាងសង់ផ្នែកខាងលើ រួមជាមួយនឹងជើងទម្រផ្លាតហ្វមខ្នាតតូច ត្រូវបានដឹកជញ្ជូនទៅកាន់ដែនទឹកនៃប្រទេសកម្ពុជា ដែលស្ថិតក្នុងឈូងសមុទ្រថៃ ដើម្បីធ្វើការតម្លើង។ ការលើកដាក់ និងការដឹកចេញផ្លាតហ្វមខ្នាតតូចនេះ ត្រូវបានបញ្ចាប់តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។  

តាមការព្រៀងទុក ដំណាក់កាលអភិវឌ្ឍន៍ Mini Phase 1A នេះ រួមមាន ផ្លាតហ្វមខ្នាតតូច (Mini Platform) និងអណ្តូងប្រេងអភិវឌ្ឍដំបូងចំនួន៥ ដែលនឹងត្រូវបានភ្ជាប់ទៅកាន់នាវាផលិតកម្ម Ingenium II សម្រាប់ដំណើរការប្រព្រឹត្តិកម្មប្រេង ឧស្ម័ន និងទឹក។ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ Mini Phase 1A នេះ ត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត ៧.៥០០ បារ៉ែលក្នុង១ថ្ងៃ៕

ដោយ ៖ សំណាង