សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បើចងភ្ជាប់រចនាសម្ព័ន្ធនៃអាជីវកម្មនានាលើពិភពលោក យើងឃើញថា​វាហាក់បីដូចជាសំណាញ់ពីងពាងដែលស្ទើរគ្រប់ផ្នែកទាំងអស់​ត្រូវតភ្ជាប់គ្នា​ឥតដាច់។

អ្នកវិភាគយុទ្ធសាស្រ្ត និងការព្យាករណ៍ បណ្ឌិត Patrick Dixon បានលើកឡើងថា ​ក្រុមហ៊ុន​នានាលើពិភពលោក​នឹងចងគ្នាជាសម្ព័ន្ធកាន់តែច្រើនឡើងៗនៅថ្ងៃអនាគត។ ប្រសិនបើគេរាប់ពីប្រភេទសេវាកម្មនិងផលិតផល​នានា យើងនឹងឃើញថា​ ក្នុងប្រទេសនីមួយៗមាន​ក្រុមហ៊ុន​តូចៗជាច្រើន ដែលកំពុងពង្រីកខ្លួនទៅកាន់ទីកន្លែងជាច្រើនទាំងក្នុងប្រទេសនិងពិភពលោក តែប្រសិនបើយើងមើល​លើ​ឬសគល់នៃក្រុមហ៊ុនទាំងអស់នោះវិញ យើងនឹងឃើញថាក្រុមហ៊ុនរាប់រយមានមេសម្ព័ន្ធក្រុហ៊ុនតែបីបួនប៉ុណ្ណោះ។

អ្នកជំនាញខាងលើបានបញ្ជាក់ថា ​មូលហេតុដែលនាំឱ្យមានបញ្ហានេះកើតឡើង ដោយសារតែ​និន្ននាការនៃការរកស៊ីនាពេលបច្ចុប្បន្ន​ គេចាប់ផ្តើមកាត់បន្ថយការប្រកួតប្រជែងគ្នាជាលក្ខណៈតូចៗ តែគេចូលចិត្តចងគ្នាជាក្រុមដើម្បីឆ្លើយឆ្លងផលប្រយោជន៍ឱ្យគ្នាទៅវិញ។ ជាឧទាហរណ៍ ប្រសិនបើក្រុមហ៊ុនមេមួយ ​ជាក្រុមហ៊ុនអភិវឌ្ឍ​អចលនទ្រព្យគេអាចនឹងបង្កើត​ក្រុមហ៊ុនតូចៗជាច្រើន ឬគេអាចសហការជាមួយក្រុមហ៊ុន​តូចៗ (startup) ដើម្បីបណ្តាក់ទុនហើយឱ្យក្រុមហ៊ុន​នោះ​ប្រតិបត្តិការជួយក្រុមហ៊ុនអចលនទ្រព្យធំនោះ។

ហេតុនេះ ក្រុមហ៊ុនដែលគេអាចនឹងបង្កើតឡើង ​ឬសហការជួយគ្នាក្នុងសម្ព័ន្ធ​របស់គេ អាចជាក្រុមហ៊ុន​សំណង់ ក្រុមហ៊ុនធានារ៉ាប់រងស្ថាប័នហិរញ្ញវត្ថុ សម្រាប់ផ្តល់​កម្ចីលើអចលនទ្រព្យ ក្រុមហ៊ុន​ផ្កត់ផ្គង់គ្រឿងសំណង់ឬក្រុមហ៊ុន​ផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ការធ្វើបែបនេះនឹងធ្វើឱ្យក្រុមហ៊ុននៅក្នុងសម្ព័ន្ធរបស់គេ អាចពន្លាតចង្វាក់នៃការផ្គត់ផ្គង់បានកាន់តែវែង ដែលនាំមកនូវផលចំណេញកាន់តែខ្ពស់។

ជាក់ស្តែងក្រុមហ៊ុន​សំណង់អាចផ្គត់ផ្គង់សេវាកម្មសាងសង់ ឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខណៈក្រុមហ៊ុន​នេះដដែលក៏អាចផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនផ្គង់ផ្គង់គ្រឿងសំណង់ ដែលជាបុត្រសម្ព័ន្ធដូចគ្នារបស់ក្រុមហ៊ុន​ដើមផងដែរ។ បន្ថែមពីលើនេះសម្រាប់វិធីសាស្រ្តលក់ គេអាច​ផ្តល់សិទ្ធក្នុងការ​គ្រប់គ្រង​ចរន្តសាច់ប្រាក់ឱ្យក្រុមហ៊ុន​ផ្តល់ប្រាក់កម្ចីដើម្បីទទួលបានការប្រាក់។ ស្របជាមួយគ្នានេះផងដែរ ដើម្បី​ទទួលបានកម្ចី​ អ្នកខ្ចីត្រូវតែទិញធានារ៉ាប់រងលើលំនៅដ្ឋានជាមុនសិន។ ពេលនោះ​ផលប្រយោជន៍នឹងធ្លាក់ទៅលើក្រុមហ៊ុនធនារ៉ាប់រង់។ ចុងក្រោយ​ដើម្បីពង្រីកវិសាលភាព និងប្រជាប្រិយភាព ក្រុមហ៊ុនទាំងអស់ត្រូវការផ្សព្វផ្សាយ ដែលអាចធ្វើឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម អាចរស់បានយ៉ាងងាយ៕