ប្រទេសកូរេ៉៖ សម្ព័ន្ធ DGB សម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត និងពង្រីកខ្លួនជាធនាគារពាណិជ្ជ។ នេះជាលទ្ធផលថ្មីនៃជំនួប ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ជាមួយនឹងប្រធានសម្ព័ន្ធ DGB Financial Group។
ឯកឧត្តម ឡុង ឌីម៉ង់ បានជួបពិភាក្សាការងារ ជាមួយប្រធានសម្ព័ន្ធ DGB Financial Group និងអគ្គនាយកធនាគារ DGB Daegu Bank កាលពីថ្ងៃទី ១៤ កក្កដា ក្នុងពិធីកម្មវិធីសម្ពោធ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ។
សម្ព័ន្ធ DGB សម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងពង្រីកខ្លួនជាធនាគារពាណិជ្ជ ហើយបានជ្រើសរើសអគ្គនាយកធនាគារជាជនជាតិខ្មែរ ធនាគារ សម្រេចបញ្ចុះអត្រាការប្រាក់ពិសេសប្រមាណ ៤ភាគរយសម្រាប់ប្រជាជនខ្មែរនៅប្រទេសកូរ៉េ។ ការ ជ្រើសរើសបុគ្គលិកខ្មែរបន្ថែមទៀតដើម្បីបំពេញការងារនៅក្នុងធនាគារ និងបានឧបត្ថមថវិកា ២ម៉ឺនដុល្លាអាមេរិក ដល់គម្រោងផ្សព្វផ្សាយវិស័យអប់រំសម្រាប់យុវជននៅកម្ពុជា។
ថ្លែងទាំងញញឹមក្នុងពិធីសម្ពោធមជ្ឈមណ្ឌល លោកទូត ឡុង ឌីម៉ង់ បាននិយាយដោយមោទនភាពអំពីសមិទ្ធផលថ្មីនេះបន្ថែមទៀត នៃកិច្ចការងារការទូតសេដ្ឋកិច្ចរវាងស្ថានទូតកម្ពុជា និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បន្ទាប់ពីបានចុះMOU។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងសហការី នៅពេលជិតចប់អាណត្តិទូត នៅកូរ៉េ។
សូមជម្រាបជូនដែរថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ មានការឧបត្ថមពីធនាគារ DGB Daegu Bank ដែលបានផ្ដល់ឲ្យស្រ្តីខ្មែរដែលបានរៀបការ និងកំពុងរស់នៅជាមួយគ្រួសារកូរ៉េជាច្រើន រួមនឹងស្រ្តីបរទេសដៃទៀត បាននឹងកំពុងសិក្សា និងទទួលការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈ ពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ដូចជា ច្បាប់គាំពារស្រ្តីអន្ដោប្រវេសន៍ ជំនាញកាត់ដេរ សម្អាង វិជ្ជាមេផ្ទះ ជំនាញបកប្រែ បណ្ដុះបណ្ដាលមូលដ្ឋានគ្រិះសម្រាប់បំពេញការងារ បើកបររថយន្ដ ជំនាញរដ្ឋបាលកុំព្យូទ័រ។ល។