ទីក្រុងហ្សឺណែវ៖ ក្នុងព្រឹត្តិការណ៍រួមនៃវេទិកាវិនិយោគពិភពលោក កាលពីថ្ងៃ១៨ តុលា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំវិនិយោគលើពិភពលោក បានពិភាក្សាពីលទ្ធភាពដាក់ឲ្យដំណើរការនូវសម្ព័ន្ធសកលថ្មីមួយ សម្រាប់ការវិនិយោគប្រកបដោយចីរភាព ដែលមានឈ្មោះថា "សម្ព័ន្ធវិនិយោគទូទាំងពិភពលោកសម្រាប់ការអភិវឌ្ឍ" ដើម្បីគាំទ្រដល់កិច្ចសហការកាន់តែរឹងមាំលើកិច្ចការវិនិយោគ។
ថ្លែងក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបទពិសោធន៍របស់កម្ពុជា ក្នុងការជម្រុញការវិនិយោគប្រកបដោយចីរភាព។
ប្រទេសកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពុស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលក្របខ័ណ្ឌការលើកទឹកចិត្តឆ្លាតវៃត្រូវបានដាក់បញ្ជូលនៅក្នុងច្បាប់វិនិយោគថ្មីនេះ ដើម្បីទាក់ទាញការវិនិយោគប្រកបដោយចីរភាពបន្ថែមទៀតមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំនេះ កម្ពុជា ក៏បានដាក់ឲ្យដំណើរការនូវប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អភិវឌ្ឍន៍ដោយចីរភាព ដើម្បីជួយសម្រួលដល់ការវិនិយោគ ដែលសម្រេចបាននូវគោលដៅចីរភាព។ ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក៕