វៀតណាម៖ ខេត្តក្វាងទ្រីភាគកណ្តាល ប្រទេសវៀតណាម បានអនុម័តការសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិកម្លាំង ១,៥០០ មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគជិត ៥៤ ទ្រីលានដុង (ជាង ២,៣ ពាន់លានដុល្លារ) ។

អាជ្ញាធរខេត្តនេះ ទើបតែផ្តល់ការសម្រេចចិត្តលើការវិនិយោគទៅលើសម្ព័ន្ធក្រុមហ៊ុនវៀតណាមមួយ និងក្រុមហ៊ុនវិនិយោគកូរ៉េខាងត្បូងចំនួន ៣ ដើម្បីសាងសង់រោងចក្រថាមពលអគ្គិសនី នៅស្រុកហៃឡាង។

គ្របដណ្តប់លើផ្ទៃដី ១២០ ហិកតានិងផ្ទៃសមុទ្រប្រហែល ១០០ ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចភាគអាគ្នេយ៍រោងចក្រថាមពលអគ្គិសនី ហៃឡាង នឹងត្រូវសាងសង់ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ។

វិនិយោគិនទាំងបួនរួមមានក្រុមហ៊ុន T&T Group មកពីប្រទេសវៀតណាមដែលរួមចំណែក ៤០ ភាគរយនៃការវិនិយោគសរុប និងក្រៅពីនេះជាទុនវិនិយោគរបស់ក្រុមហ៊ុន Hanwha Energy Corporation,  ក្រុមហ៊ុន Korea Southern Power និង Korea Gas Corporation។

បន្ទាប់ពីដំណាក់កាលទីមួយនៃគម្រោងត្រូវបានបញ្ចប់នៅត្រីមាសទី ១ ឆ្នាំ ២០២៧ សមត្ថភាពរបស់រោងចក្រថាមពលនេះត្រូវបានគេគ្រោងនឹងកើនឡើងទ្វេដងដល់ ៣,០០០ មេហ្គាវ៉ាត់៕

រូបភាពដោយ​ VNExpress