ភ្នំពេញ : រាល់គម្រោងអាជីវកម្មទាំងអស់សុទ្ធតែចង់បាននូវផលចំណេញ ដែលអាចបង្កើនទ្រព្យ ប៉ុន្តែអ្វីដែលសំខាន់គឺលទ្ធផល? ជាការចែករំលែកនូវចំណេះដឹង  លោកបណ្ឌិត ង៉ែត  ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានបង្ហើបប្រាប់តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិចកាលពីពេលថ្មីៗនេះថា ការបង្កើនទ្រព្យត្រូវបានធ្វើឡើងតាមវិធីសាស្ត្រផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែវិធីដែលមានប្រជាប្រិយភាពរួមមានចំនួន៤ដូចខាងក្រោម ៖ 

១) ផ្លាស់ប្តូរគំនិតអវិជ្ជមានអំពីលុយ ដោយងាកមកគិតវិជ្ជមានដូចអ្វីដែលអ្នកបានគិត ដូចជាគិតថាថ្ងៃនេះខ្ញុំអត់លុយមែន ប៉ុន្តែ១០ឆ្នាំទៀតខ្ញុំប្រាកដជាមានលុយច្រើន។ ភាពមានបានមិនមែនជាព្រេងវាសនាទេ ប៉ុន្តែគឺជាការប្រឹងប្រែងដោយភាពវាងវៃ និងយល់ពីឱកាស។

២) សងផ្តាច់នូវបំណុលអាក្រក់ ដូចជាការបង់រំលស់របស់របប្រើប្រាស់ដែលមិនចាំបាច់។ល។ បំណុលទាំងនេះមានការប្រាក់ខ្ពស់ ហើយរបស់របរដែលទិញបង់រំលស់ដូចជាទូរសព្ទ រថយន្ត និងគ្រឿងអេឡិកត្រូនិកនានាមានការធ្លាក់តម្លៃលឿនណាស់។ 

៣) ប្តូរឥរិយាបទក្នុងការប្រើប្រាស់លុយអោយមានប្រសិទ្ធិភាព ពោលគឺលុយដែលរកបានត្រូវបែងចែកជាពីរគត់ គឺជាគ្រាប់បាយ និងគ្រាប់ពូជ។ គ្រាប់បាយមានន័យថាចាយតែអ្វីដែលចាំបាច់ដូចមនុស្សត្រូវការហូបបាយដើម្បីរស់។ រីឯគ្រាប់ពូជគឺយកទៅវិនិយោគដើម្បីបង្កើតលុយ។ បើលុយដែលរកបានច្រើនបំផុត៤០%ជាគ្រាប់បាយ និង៦០%ទៀតជាគ្រាប់ពូជ នោះអ្នកក្រមិនយូរទេ។ 

៤) យកលុយដែលគ្រាប់ពូជ ទៅបង្កើតជាផលចំណេញតាមរយៈការវិនិយោគលើភាគហ៊ុន (Stocks) ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើក្រុមហ៊ុនគ្រប់គ្រងមូលនិធិរួមគ្នា (Fund Management Company)។ល។ 

អ្នកគួរពិចារណាទៅលើការលើកឡើងទាំងអស់នេះ ហើយអាចចាប់ផ្តើមធ្វើការអនុវត្តដើម្បីបានដឹងពីប្រសិទ្ធភាព៕