សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហើបប្រាប់ឱ្យដឹងថា នៅថ្ងៃខាងមុខឆាប់ៗនេះ កម្ពុជា នឹងមានស្ថាប័នតុលាការពាណិជ្ជកម្ម ដើម្បីជួយសម្រួល និងដោះស្រាយនូវរាល់វិវាទពាណិជ្ជកម្មដែលអាចកើតមាន។     

នៅក្នុងពិភពធ្វើជំនួញ និងពាណិជ្ជកម្ម កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន រឿងវិវាទត្រូវបានកើតមានជាបន្តបន្ទាប់រហូតមានអ្នកខ្លះធ្វើការប្ដឹងផ្តល់ដល់ប្រព័ន្ធតុលាការ ដូចជាករណីរំលោភលើកម្មសិទ្ធិបញ្ញា ការប្រជែងយកទីផ្សារដោយគ្មានតម្លាភាព ការមិនគោរពលើកិច្ចសន្យាទទួលទិញ-លក់ ឬការក្លែងឈ្មោះម៉ាកយីហោនៃផលិតផលជាដើម។ 

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បង្ហើបឱ្យថា ដោយសារតែបញ្ហា និងរឿងវិវាទនានាដូចដែលបានលើកឡើងខាងលើនេះតែងកើតមាន និងប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម ជាពិសេសទីផ្សារក្នុងស្រុក បច្ចុប្បន្ននេះ តាមរយៈសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សា និងស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ក្នុងបង្កើតស្ថាប័នតុលាការពាណិជ្ជកម្ម ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗដែលកើតមាននៅក្នុងវិស័យពាណិជ្ជកម្ម។ 

លោកឧកញ៉ាបានបញ្ជាក់ថា “កាលពីពេលកន្លងទៅនេះ នៅតាមបណ្តាខេត្ត ក្រុង ស្ទើរទូទាំងប្រទេស តែងកើតមានបញ្ហារវាងពាណិជ្ជកម្ម និងស្ថាប័នតុលាការ ទៅលើការដោះស្រាយពាក្យបណ្តឹងក្នុងការធ្វើពាណិជ្ជកម្មគ្មានតម្លាភាព។ ប៉ុន្តែពេលនេះ ដើម្បីជាដំណោះស្រាយកាន់តែល្អ និងអាចជួយសម្រួលដល់បណ្តាពាណិជ្ជករផងដែរ សភាពាណិជ្ជកម្មបានស្នើសុំដល់ក្រសួងយុត្តិធម៌ក្នុងការរៀបចំ និងបង្កើតឱ្យមានតុលាការពាណិជ្ជកម្ម ដែលរហូតមកដល់ពេលនេះ សំណើរត្រូវបានដាក់រួចរាល់ ហើយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ក៏បានពិនិត្យហើយផងដែរ នៅចាំតែការសម្រេច និងជ្រើសរើសទីតាំងប៉ុណ្ណោះ”។