រូបភាពពីទំព័រFB លោកឧកញ៉ា ម៉ុង ឫទ្ធី

លោកឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី ២៧ កក្កដា ២០២០នេះ បានបង្ហោះសារសុំចិត្តសុំថ្លើមពីអ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​និយាយរឿងមិនល្អ​ បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ តាមបណ្ដាញសង្គម មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ​ឲ្យងាកមកជួយពលរដ្ឋក្រីក្រពិតប្រាកដ។

លោកឧកញ៉ា បានរៀបរាប់ថា៖ ខ្ញុំ​សុំចិត្ត​សុំថ្លើម​អ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​ និយាយរឿងមិនល្អ​បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត​បង្ហោះតាម​បណ្តាញ​សង្គម​fb​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ។ មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​រក្សា​វាទុកទៅ​ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ​។

លោកឧកញ៉ា បន្តទៀតថា៖ បើខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លើវិស័យ​កសិកម្ម​កសិឧស្សាហកម្ម​ តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង។

​ការលើកឡើងនិងជម្រុញវិនិយោគនេះ បើតាមលោកឧកញ៉ា ម៉ុង គឺដើម្បីបង្កើត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជាយើង ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​៕