ទាញយក Krama Post APP  សូមចុចទីនេះ

រាជធានីភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំង ទៅដល់ប្រជាពលរដ្ឋបានជាង៧លាននាក់នោះរួចមក ហាក់បានជម្រុញទំនុកចិត្តឡើងវិញក្នុងការចេញប្រកបការងារផ្សេងៗ ដែលក្នុងនោះសូម្បីតែទីផ្សារដីឡូត៍ដែលស្ថិតនៅតាមបណ្តាជាយក្រុង និង​ខេត្តគោលដៅមួយចំនួនក៏ចាប់ផ្តើមកម្រើកឡើងវិញ ខុសប្លែកពីផ្នែកមួយចំនួនក្នុងវិស័យអចលនទ្រព្យនៅបន្តជាប់គាំង។

លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានមានប្រសាសន៍ប្រាប់ Krama Post ថា ក្នុងពេលមួយរយៈចុងក្រោយនេះ សកម្មភាពនៅក្នុងវិស័យអចលនទ្រព្យ ពិតជាបានកម្រើកឡើងវិញបន្តិចមែន។

លោកឧកញ៉ា៖ “សកម្មភាពពេលនេះ បើទោះជាវាមិនខ្លាំងក្លាដូចកាលពីឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ក្ដី ប៉ុន្តែជាការគួរឲ្យ​កត់​សម្គាល់​គឺ ​សកម្មភាពទិញដីឡូត៍ដែលកំពុងផុលផុសឡើងវិញ ដូច្នេះមុនពេលសម្រេចចិត្តដីឡូត៍នៅតំបន់​ណា​មួយ គប្បីត្រូវពិនិត្យទៅលើឯកសារពាក់ព័ន្ធមួយចំនួនជាមុនសិន”។

ការប្រែប្រួលថ្មីក្នុងវិស័យដីឡូត៍

លោកឧកញ៉ា បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះសកម្មភាពពុះដីឡូត៍ហាក់មានការប្រែប្រួលនូវយុទ្ធសាស្ត្របន្តិចដោយនៅតាមបណ្តាខេត្ត ឬទីជន​បទ​នានា ភាគច្រើនតែងពុះទំហំធំចាប់ពីទំហំ ១០x៣០ ឬ ២០x៥០ឬ ទំហំ ៣០x១០០ម៉េត្រ ជាដើម ដើម្បីសម្រាប់សាង់សងលំនៅដ្ឋានបែបលំហែរ ហើយ​មាន​ដីទំនេរសម្រាប់ដាំដំណាំ ឬធ្វើជាសួនចំការផ្សេងៗបែបកសិកម្ម ដែលខុសពីដីឡូត៍នៅតំបន់ជាយក្រុងភ្នំពេញ ភាគច្រើនមានទំហំត្រឹម៥x២០ ម៉ែត្រ ៥x២៥​ម៉ែត្រ​នោះទេ។

ក្នុងសន្ទុះបែបនេះដី លោកឧកញ៉ា បានណែនាំជាចំនុចសំខាន់ៗដែលអតិថិជនគួរសួរនាំនិងស្វែងយល់ មុនសម្រេចចិត្តក្នុងការទិញដីឡូត៍ ដើម្បីជៀសវាងការខាតបង់៖

សួរនាំពីព័ត៌មានពាក់ពាន់ទៅនឹងភូមិសាស្រ្ដ

លោកឧកញ៉ា ម៉ន សុខា ក្រើនរំលឹកថា ដើម្បីឲ្យមានភាពច្បាស់​លាស់​ក្នុងការទិញដីឡូត៍គ្រប់ប្រភេទដែលស្ថិតនៅបណ្តាខេត្តឆ្ងាយៗពីរាជធានីភ្នំពេញ គម្បីត្រូវតែសិក្សាពីព័ត៌មានពាក់ព័ន្ធទៅនឹង​ទីតាំង​ភូមិសាស្ត្រគោលដៅឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលធ្វើការទិញឬវិនិយោគ ថាតើទីតាំងនោះស្ថិតនៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ ឬជាដែនហាម​ឃាត់ដែលគ្រប់គ្រងដោយស្ថាប័នណាមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលដូចជាក្រសួងបរិស្ថានជាដើម។

សួរនាំពីប្រភេទប្លង់កម្មសិទ្ធិ

បន្ថែមពីនេះ ត្រូវសិក្សាពីប្រភេទប្លង់ ប៉ុន្តែភាគច្រើនដីដែលត្រូវបានលក់នៅតំបន់ខេត្តឆ្ងាយៗ ហាក់មិនសូវមានប្លង់រឹងនោះទេ បើមានប្លង់ទន់ តើអាចបង់​ពន្ធត្រឹមខេត្តបានដែរទេ ឬគ្រាន់តែមានលិខិតបញ្ជាក់ពីការទិញលក់ត្រឹមតែអជ្ញាធរភូមិ ឃុំ តែប៉ុណ្ណោះ? 

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លង​ទៅថ្មីៗ​នេះយើងឃើញមានលិខិតបដិសេធលើការទិញលក់ដីធ្លីដែលទទួលស្គាល់ត្រឹមអជ្ញាធរមូលដ្ឋានជាក់ស្ដែងដូចជាខេត្តកំពង់ស្ពឺ ក្នុងតំបន់ឧទ្យានជាតិ​គីរីរម្យ ខេត្តកំពតក្នុងតំបន់ឧទ្យានជាតិបូកគោ និងខេត្តកោះកុងជាដើម ដែលធ្វើឲ្យអ្នកទិញជួបការខាតបង់។

ស្វែងយល់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ដី ស្របច្បាប់ឬទេ?

លោកឧកញ៉ា បានបញ្ជាក់ថា ចំណុចសំខាន់ដែលត្រូវសិក្សានិងស្វែងយល់បន្ត ពីក្រុមហ៊ុន ឬអ្នកអភិវឌ្ឍន៍ដី ពិតជាម្ចាស់កម្មសិទ្ធិពិតប្រាកដនិងស្របច្បាប់ដែរឬទេ មានជំនាញក្នុងការ​អភិវឌ្ឍន៍​ពុះដីឡូត៍​បានកម្រិតណា? ស្របតាមគោលការណ៍របស់មន្ទីរ ក្រសួង ដែលគ្រប់គ្រងដោយរដ្ឋាភិបាលទេ?

ស្វែងយល់ពីគម្រោងនៃការអភិវឌ្ឍន៍

ហើយអ្វីដែលសំខាន់បំផុតនោះគឺ គោលដៅនៃការអភិវឌ្ឍន៍​គម្រោង​មានផែនការណ៍បែបណា ដោយនៅក្នុងគម្រោងអភិវឌ្ឍន៍ទាំងមួយមានការកសាងហេដ្ឋរចនសម្ព័ន្ធដែលពាក់សមស្របដែលឬទេ បើជាគម្រោង​ប្រភេទ​ដីកសិកម្ម តើមានការដាំដំណាំអ្វី ដែលស័ក្តិសម ប៉ុន្តែបើគម្រោងលំនៅដ្ឋានលំហែរកាយ មានការៀបចំជាតំបន់លំហែរ និងកម្សាន្តដែរ ឬទេហើយ​អ្វី​ទាំងអស់នេះ សុទ្ធតែជាព័ត៌មានដែលត្រូវតែសិក្សាបន្ថែម ពីលើអ្វីដែលបានឃើញផ្ទាល់ផ្នែកត្រឹមតែងប័ណ្ណប៉ាតង់លក់ដីឡូត៍ ឬលិខិតបញ្ឆោតផ្សេងៗដែលដាក់​តាំង​នៅ​ក្រោយខ្នងនោះ។

នីតិវិធីច្បាប់នៃការទូទាត់ប្រាក់ កាត់ប្លង់

ចំណុចចុងក្រោយគឺ ការសិក្សាទៅលើការលក្ខខណ្ឌនៃការទូទាត់ប្រាក់មិនសូវមានភាពសាំញាំ ហើយជាពិសេសភាពងាយស្រួលនៃនីតិវិធីបំបែកក្បាលដី កាត់ប្លង់ធ្វើជាកម្មសិទ្ធិ។ 

ប្រសិនបើចំណុចសំខាន់ៗដូចដែលបានលើកឡើងខាងលើនេះត្រូវបានសិក្សាយ៉ាងហ្មត់ចត់ នោះការទិញលក់ហាក់មិនសូវជួបភាព​ប្រឈមនឹងការខាតបង់នោះទេ៕