គ្រប់អ្នកធ្វើការងារ ឬអ្នកធ្វើអាជីវកម្មទាំងអស់សុទ្ធតែចង់ឱ្យខ្លួនឯងក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់​ ក្នុងការ​អនុវត្តការងារចំពោះមុខ និងទទួលស្គាល់ដោយមនុស្សជុំវិញខ្លួនថា យើងជាបុគ្គលឆ្នើមដែលអាច​មានសមត្ថភាពការងារខ្ពស់ជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ូ សាវឿន អ្នកជំនាញបណ្តុះបណ្តាលបានលើកឡើងថា គុណសម្បត្តិរបស់អ្នកដែលមានសមត្ថភាពខ្ពស់មាន៤យ៉ាងគឺ៖

១. មានអត្តចរិតល្អ

ច្បាស់ណាស់ថា ពេលរើសមនុស្សចូលធ្វើការងារគេតែងតែនិយាយពីសមត្ថភាពវិជ្ជាជីវៈតែតាមពិតទៅ អ្វីដែលម្ចាស់អាជីវកម្មចង់បានបំផុតនោះគឺបុគ្គលិកដែលមានអត្តចរិតល្អ។ មូលហេតុដែលពួកគេត្រូវការធនធានប្រភេទនេះដោយសារសមត្ថភាពវិជ្ជាជីវៈជារឿងដែលមិនលំបាក​បណ្តុះបណ្តាលនោះទេ តែ​អត្តចរិតទើបជារឿងលំបាក​ក្នុងការ​​ជំរុញឱ្យកាន់តែប្រសើរ។ ហេតុនេះប្រសិនបើយើងជាមនុស្សដែលមានអត្តចរិតល្អ មានភាពវិជ្ជមាននិងយល់ដឹងច្រើនពាក់ព័ន្ធនឹងការធ្វើការងារជាក្រុម ​នោះយើងនឹង​អាចក្លាយជាមនុស្សដែលមានប្រសិទ្ធភាពខ្ពស់មួយកម្រិត។

២.ប្រឹងប្រែងធ្វើការ

ត្រឹមតែចរិតវិជ្ជមាន និងចេះធ្វើការងារជាក្រុមមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ធ្វើជាមនុស្សដែលមាន​សមត្ថភាពខ្ពស់ម្នាក់។ ការតាំងចិត្ត និងការខិតខំប្រឹងប្រែងធ្វើការងារគឺជាចំណែកយ៉ាងសំខាន់មួយទៀតដែលធ្វើឱ្យ​យើងក្លាយជាមនុស្សម្នាក់ដែលត្រូវបានគេទទួលស្គាល់។ ហេតុនេះ ប្រសិនបើយើងដាក់ចិត្តដាក់កាយប្រឹងប្រែងឱ្យអស់ពីសមត្ថភាព​ដើម្បីអភិវឌ្ឍស្ថាប័ន ឱ្យដូចជាក្រុមហ៊ុននោះជារបស់ខ្លួនឯងនោះយើងនឹង​អាចទទួលលទ្ធផល​ប្រកបដោយភាពភ្ញាក់ផ្អើល។

៣.មានសមត្ថភាពខ្ពស់

ថ្វីត្បិតតែសមត្ថភាពវិជ្ជាជីវៈមិនមែនតែរឿងតែមួយគាត់ ដែលអ្នកគ្រប់គ្រងស្ថាប័នត្រូវការតែវាក៏ជាធាតុផ្សំយ៉ាងសំខាន់ផងដែរដើម្បីជំរុញឱ្យ​យើងក្លាយជាមនុស្សដែល​មានផលិតភាពការងារខ្ពស់។ ប្រសិនបើអ្នកជាមនុស្សដែលមានអត្តចរិតល្អ និងប្រឹងប្រែងធ្វើការហើយសូមបន្តអភិវឌ្ឍសមត្ថភាពឱ្យបានល្អ នោះនឹងកាន់តែប្រសើរ។ ​បច្ចុប្បន្ននេះប្រភពនៃការរៀនសូត្រមានច្រើនណាស់។ យើងអាចរៀនសូត្របន្ថែមតាមរយៈបច្ចេកវិទ្យា សៀវភៅ ឫឯកសារស្រាវជ្រាវជាច្រើនផ្សេងទៀត។

៤. យកចិត្តទុកដាក់

ភាពផ្ចិតផ្ចង់ និងការយកចិត្តទុកដាក់ជាគុណសម្បត្តិយ៉ាងពិសេស ដើម្បីបង្កើតភាពអស្ចារ្យលើគ្រប់ផ្នែកទាំងអស់។ ហេតុនេះដើម្បីក្លាយជាមនុស្សដែលកាន់តែមានភាពមុតស្រួច និងលេចធ្លោរយើងអាចដាក់ចិត្តដាក់កាយផ្ចិតផ្ចង់និងប្រុងប្រយ័ត្នបំផុតលើគ្រប់កិច្ចការងារទាំងអស់ដែលយើងបានធ្វើ៕