ហ៊ានរកស៊ី ត្រូវតែហ៊ានប្រឈមជាមួយនឹងហានិភ័យ ដែលអាចកើតឡើងគ្រប់ពេល។ ការរកស៊ី មិនមែនជារឿងសុវត្ថិភាពដូចធ្វើការងារឱ្យគេនោះទេ តែវាចាំបាច់ត្រូវតែមានចិត្តមុះមុតនិងហ៊ានសម្រេចចិត្ត ដើម្បីអនុវត្តសកម្មភាពប្រកបដោយការទទួលខុសត្រូវនិងហ៊ានប្រឈមជាមួយនឹងការខាតបង់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ បានលើកឡើងថា អ្នករកស៊ីត្រូវតែហ៊ានប្រថុយនិងហ៊ានប្រឈមមុខជាមួយនឹងការខាតបង់។ ប្រសិនបើយើងមានតែគំនិត តែនៅមានការព្រួយបារម្ភច្រើន ហើយបណ្តោយឱ្យឧបសគ្គនានា ផ្នែកផ្លូវចិត្តរបស់យើងឃុំគ្រងយើងមិនឱ្យធ្វើសកម្មភាព នោះគំនិតរបស់យើងនឹងក្លាយជាគំនិតដែលគ្មានន័យអ្វីទាំងអស់។ ដូច្នេះហើយទើបអ្នករកស៊ីត្រូវតែជាអ្នកដែលហ៊ាន គិត ហ៊ានសម្រេចិត្ត និងហ៊ានធ្វើដោយភាពវិជ្ជមាន។
លោកថាអ្នករកស៊ីណាក៏ធ្លាប់ប្រឈមជាមួយនឹងការខាតបង់ដែរ សំខាន់គឺយើងដួលហើយមិនអស់សង្ឃឹមដើម្បីបន្តងើបឡើងវិញ ដើម្បីដើរឱ្យដល់គោលដៅដែលយើងគ្រោងទុក។ ប្រសិនបើយើងតាំងចិត្តជាអ្នករកស៊ីមែន យើងត្រូវតែក្លាហានហ៊ានត្រៀមចិត្តប្រឈមជាមួយនឹងបញ្ហានានា ដែលអាចនឹងកើតមានឡើងហើយព្យាយាមគ្រប់លទ្ធភាពដើម្បីដោះស្រាយតាមគ្រប់វិធីសាស្រ្តដែលយើងអាចធ្វើទៅបាន។
លោក សោម សម្បត្តិ បានមានប្រសាសន៍ថា៖ «បើត្រឹមតែរកស៊ីខ្ញុំមិនខ្លាចនោះទេ កុំឱ្យតែយកលុយទៅលេងល្បែង។ ខ្ញុំហ៊ានប្រថុយរកស៊ី តែខ្ញុំមិនប្រថុយលេងល្បែងនោះទេ»។
សហគ្រិនខាងលើបានបញ្ជាក់ផងដែរថា ពាក្យថាប្រថុយនៅទីនេះមិនមែនមានន័យថា ចេះតែគិតហើយរកស៊ីដោយគ្មានការសិក្សា និងស្រាវជ្រាវច្បាស់លាស់នោះទេ។ ចំណុចនេះលោកមានន័យថា អ្នករកស៊ីត្រូវតែគិតគូរឱ្យបានល្អិតល្អន់បំផុតនិងត្រូវចេះវិភាគ សិក្សាពីទីផ្សារ គូប្រកួតប្រជែង និងខ្លួនឯងឱ្យហ្មត់ចត់បំផុត។ បន្ទាប់មក ក្រោយពីមើលឃើញឱកាសល្អហើយ ទើបចាប់ផ្តើមបោះទុនរកស៊ី។ ក្នុងដំណាក់កាលនេះក្រោយសិក្សា និងទទួលបានព័ត៌មានច្បាស់លាស់ហើយ យើងអាចដាក់ចិត្តដាក់កាយអនុវត្តវាឱ្យអស់លទ្ធភាពបានហើយ។
ក្នុងកាលៈទេសៈបែបនេះ ទោះបីជាវាខាតបង់ដោយសារប្រការណាមួយ ក៏យើងអស់ចិត្តដែរព្រោះយើងបានខិតខំប្រឹងប្រែងដោយសិក្សាយ៉ាងច្បាស់លាស់ និងថែមទាំងខិតខំអស់ពីចិត្តដើម្បីអនុវត្តវា មិនមែនបណ្តែតបណ្តោយឱ្យវាប្រែប្រួលឬបរាជ័យដោយភាពខ្ជីខ្ជារនោះទេ៕