ភ្នំពេញ៖ ដើម្បីអាចឱ្យឈានដល់ចំណុចកំពូល និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ទទួលបានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលល្បី មានទីផ្សារល្អ គម្បីត្រូវតែមានការបណ្តុះបណ្តាលក្រុមការងារ ឬបុគ្គលិកឱ្យមានជំនាញពិតប្រាកដបន្ថែម ដើម្បីជាការបង្កើននូវទុនចំណេះដឹង ឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនទំនុកចិត្តដល់អតិថិជន និងការជាធនធានដ៏ពិតប្រាកដរបស់ក្រុមហ៊ុន។  

លោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា នៅពេលដែលមានជំនាញច្បាស់ពិតប្រាកដ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ទាំងក្រុមហ៊ុន ក៏ដូចជាក្រុមការងារ ស្ទើរតែមិនចាំបាច់ចេញទៅស្វែងរកអតិថិជន ឬបញ្ចុះបញ្ចូលអតិថិជនឱ្យមករកខ្លួននោះទេ ពោលគឺអតិថិជន ឬក្រុមហ៊ុនដែលជាដៃគូក្នុងវិស័យរួមគ្នានឹងមករកដោយខ្លួនឯងមិនខានឡើយ។ 

លោកបានថ្លែងថា «យើងត្រូវព្យាយាមកសាង និងបង្ហាញពីកេរ្តិ៍ឈ្មោះ រួមជាមួយនឹងគុណតម្លៃរបស់ក្រុមហ៊ុន ព្រមទាំងក្រុមការងាររបស់យើង តាមរយៈការបណ្តុះបណ្តាលឱ្យមានចំណេះដឹង ជំនាញ វិជ្ជាជីវៈ និងក្របសីលធម៌ត្រឹមត្រូវ ប្រៀបប្រដូចជាកូនស្រីក្រមុំដ៏ស្រស់ស្អាត បើទោះជាសមងំនៅតែក្នុងផ្ទះ ក៏មានមនុស្សមកចោមចង់បាននោះដែរ»។

លោកបន្តថា «នៅពេលក្រុមហ៊ុនរបស់យើងខ្លាំង គេនឹងមករកយើង ហើយកាលដែលយើងទៅរកគេ និងគេមករកយើង គឺវាមានភាពខុសគ្នា។ នៅពេលដែលគេមករកយើង គឺយើងមានភាពងាយស្រួលក្នុងការសម្រេចចិត្តយកសំណើរ ឬមិនទទួលយក។ នៅពេលដែលគេមករកយើង គឺទាំងក្រុមហ៊ុន និង ក្រុមការងារចាំបាច់ត្រូវតែមានចំណេះដឹង វិជ្ជាជីវៈ និងមានទាំងជំនាញរឹង ជំនាញទន់ទាក់ទងនឹងវិស័យអចលនទ្រព្យ ពាក់ព័ន្ធនឹងការលក់ ការវាយតម្លៃ ពន្ធដារ ប្លង់កម្មសិទ្ធិ យល់ដឹងពីរបៀបវិនិយោគ។ បន្ថែមពីនេះ មានការយល់ដឹងពីការធ្វើទីផ្សារ និងការចចារ ពូកែលើកិច្ចទំនាក់ទំនង ចេះទាំងបច្ចេកវិទ្យា  និងផែនទីជាដើមផងដែរ»។ 

លោក វ៉ា វីរៈ បញ្ជាក់ថា «យើងអាចនឹងមានការពិបាក ក្នុងការធ្វើឱ្យក្រុមរបស់យើងខ្លាំងដល់ថ្នាក់ហ្នឹង ប៉ុន្តែបើយើងមិនធ្វើ យើងមិនព្យាយាម យើងនឹងចាញ់គេ ហើយគេនឹងផ្តួលយើងមិនខាន។ ត្រូវដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនភ្នាក់ងារដូចយើងច្រើនណាស់ មានទាំងក្រុមហ៊ុនស្របច្បាប់ និងក្រុមហ៊ុនមិនស្របច្បាប់ ដូច្នេះការប្រកួតប្រជែងចាំបាច់គឺយើងត្រូវបានតែមានជំនាញ ចំណេះ ក្រមសីលធម៌ខ្ពស់ និងស្របច្បាប់ជាដាច់ខាតទើបអាចឈរជើងនៅក្នុងទីផ្សារមួយនេះបាន»៕