សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សុចរិតភាព ជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះប្រសិនបើគ្មានសុចរិតភាព មនុស្សនឹងបាត់បង់តម្លៃនិងការទុកចិត្តពីគ្រប់ផ្នែកទាំងអស់នៃជីវិត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យាទទួលបន្ទុកដេប៉ាតឺម៉ត់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា​ សុចរិតភាពជាផ្នែកសំខាន់បំផុតដែលស្ថាប័នទាំងអស់ចង់បានពីបុគ្គលិក ព្រោះ​គ្មានក្រុមហ៊ុន​សហគ្រាសណា​ចង់បានមនុស្សកឹបកេង ឬកេងប្រវ័ញ្ចនោះទេ។ 

ក្រុមហ៊ុននានា សុខចិត្ត​ជ្រើសរើសមនុស្សដែលមិនសូវមានជំនាញខ្លាំង ដើម្បីយកមកបណ្តុះបណ្តាលឱ្យខ្លាំងប្រសើរជាងយកមនុស្សខ្លាំងស្រាប់តែមិនមានសុចរិតភាព ព្រោះបើគ្មានសុចរិតភាពចំណេះដឹងកាន់តែខ្លាំង​ ការគំរាមកំហែងក៏កាន់តែធំផងដែរសម្រាប់ស្ថាប័ន។

លោក ព្រើន សុវង្ស បាននិយាយថា៖ «​ស្ថាប័នដែលត្រូវការ​អ្នកដែលមានសុចរិតភាពខ្លាំងជាងគេ គឺស្ថាប័នហិរញ្ញវត្ថុឬធនាគារជាដើម។ ហេតុនេះហើយទើបកន្លងមក ​គេបង្កើតជាប្រព័ន្ធនៃការគ្រប់គ្រងយ៉ាងល្អិតល្អន់ដើម្បីជ្រើសរើសមនុស្សល្អៗឱ្យបម្រើការងារប្រកបដោយភាពច្បាស់លាស់និងសុចរិតភាព»។

លោកសាស្រ្តាចារ្យ បានបន្ថែមទៀតថាជាមតិ​មកពីម្ចាស់សហគ្រាសភាគច្រើន គាត់បានបញ្ជាក់ថា អ្នកដែលប្រតិបត្តិឬទទួលការអប់រំតាមបែបព្រះពុទ្ធសាសនាច្រើន ជាអ្នកដែល​ងាយស្រួលធ្វើការងារជាមួយគ្នានិងជាមនុស្សដែលទុកចិត្តបាន។ ហេតុនេះហើយ ទើបនិស្សិតដែលចេញពីពុទ្ធិកសាកលវិទ្យាល័យឬអ្នកធ្លាប់បួសរៀនភាគច្រើន​ត្រូវបានគេទុកចិត្តឱ្យ​បម្រើការងារនៅក្នុងវិស័យហិរញ្ញវត្ថុ ព្រោះពួកគាត់​ផ្តោតតម្លៃសំខាន់លើ​អំពើល្អ សន្តិភាព និងសុចរិតភាព។តែទោះជាយ៉ាងនេះក្តី លោកក៏បានបញ្ជាក់ផងដែរថា គ្រប់មនុស្សទាំងអស់ដែលទទួលបានការអប់រំពីស្ថាប័នតែមួយមិនមែន​សុទ្ធតែល្អទាំងអស់នោះទេតែពួកគេក៏ត្រូវការធ្វើការក្នុងស្ថាប័នដែលមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ផងដែរដើម្បីធានាពីសុចរិតភាព៕