ភ្នំពេញ៖ ការទិញលំនៅឋានដោយបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ ឬជាមួយធនាគារជាដៃគូរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋា​ន គឺជាវិធីសាស្ត្រ​មួយ​ដ៏ល្អនិងទទួលបានផលចំណេញដល់ភាគីចំនួន៤ក្នុងពេលតែមួយ រួមមានម្ចាស់គម្រោងអភិវឌ្ឍន៍ធនាគារផ្តល់កម្ចី អតិថិជនដែលជាអ្នកបង់រំលស់ ព្រមទាំង​រដ្ឋាភិបាលតាមរយៈចំណូលពន្ធ។យ៉ាងណាក៏ដោយ អ្នកជំនាញហិរញ្ញវត្ថុបានព្រមានថា ការទិញលំនៅឋានដោយបង់រំលស់អាចផ្តល់នូវផលល្អ ហើយក៏​អាច​បង្កជាផលលំបាកផងដែរ ប្រសិនបើអ្នកទិញចេះបែងចែកខ្ទង់ចំណូលនិងចំណាយត្រឹមត្រូវ។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ការទិញលំនៅឋានដោយការ​បង់រំលស់ គឺជាជម្រើសមួយ​ដ៏ល្អសម្រាប់​អ្នកដែលមានតម្រូវការស្នាក់នៅជាក់ស្ដែង ប៉ុន្តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដែលអាចនិយាយបានថា មានលុយមិនគ្រប់ក៏អាចទិញលំនៅឋានបាននៅដែរ ដោយអាស្រ័យទៅលើកម្ចីពីធនាគារ ឬបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់។

អ្នកជំនាញរូបនេះបានបន្តថា យុទ្ធសាស្ត្រទីផ្សារដោយការទិញលក់លំនៅឋានដោយការបង់រំលស់នេះ អាចអនុគ្រោះនិងជារឿងល្អសម្រាប់អ្នកទិញទាំងឡាយ​ណា​ដែលចេះគ្រប់គ្រង និងបែងចែកខ្ទង់ចំណាយប្រចាំខែរបស់ខ្លួនបានត្រឹមត្រូវ ប៉ុន្តែសម្រាប់អ្នកដែលមិនចេះបែងចែកច្បាស់លាស់ អាចនឹងជួបបញ្ហានៅថ្ងៃ​អនាគត។

លោក ង៉ែត ជូ បានមានប្រសាសន៍បញ្ជាក់ថា “ការទិញលំនៅឋានដោយបង់រំលស់ តម្រូវឲ្យអ្នកទិញត្រូវតែមានភាពច្បាស់លាស់ទៅលើចំណូលប្រចាំខែរ​បស់​ខ្លួន ​ដែលអាចធានាបានថាមិនអាចប៉ះពាល់ដល់ការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ ហើយក៏មិនមានបញ្ហាដល់ខ្ទង់ចំណាយសម្រាប់ការបង់រំលស់ប្រចាំខែផង​ដែរ”។

លោកបានបន្តថា “នៅក្នុងរូបមន្តនៃការទិញផ្ទះដោយការបង់រំលស់ ជាទូទៅគឺអនុញ្ញាតបានត្រឹមប្រមាណ ២០ ទៅ ២៥ភាគរយនៃចំណូលសរុបតែប៉ុណ្ណោះមានន័យថា ប្រសិនបើចំណូលប្រចាំខែមានចំនួន១០០០ដុល្លារនោះការបង់រំលស់ត្រូវមានកម្រិតត្រឹម ២០០ ទៅ ២៥០ដុល្លារក្នុងមួយខែប៉ុណ្ណោះ ដើម្បីអាច​បង្ការ​នូវហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ការបង់រំលស់លំនៅឋានមិនមែនដូចគ្នាទៅនឹងការបង់រំលស់សម្ភារៈនិយមដែលមានរយៈពេលខ្លី​នោះទេដូច្នេះមុនពេលសម្រេចចិត្តគម្បីត្រូវគិតពិចារណាឲ្យលម្អិតទៅលើចរន្តសាច់ប្រាក់ប្រចាំខែប្រចាំឆ្នាំក្នុងរយៈពេលពេលវែង”។

លោកបានពន្យល់ថា៖ “ក្នុងមួយខែយើងបង់តែត្រឹមតែ២៥ភាគរយនៃចំណូលសរុប ដូច្នេះយើងនៅសល់៧៥ភាគរយទៀតសម្រាប់ប្រើប្រាស់ទៅ​លើខ្ទង់​ចំណាយ​ប្រចាំថ្ងៃ ឬចំណាយទៅលើតម្រូវការចាំបាច់បន្ទាន់ផ្សេងដែលអាចកើតមានជាយថាហេតុ។ យើងនៅសលើលុយច្រើនក្នុងដៃដូច្នេះបើទោះជាមាន​បញ្ហា​អ្វី​មួយកើតឡើង ក៏មិនបារម្ភខ្វះលុយបង់រំលស់ប្រចាំខែ ដែលមានការផាកពិន័យនៅពេលគ្មានប្រាក់បង់ ឬបង់យឺតយ៉ាវនោះដែរ។ ម៉្យាងទៀត យើងក៏​អាច​យកលុយដែលនៅដល់ទៅបង្វិលវិនិយោគនៅក្នុងវិស័យផ្សេងក៏បាន”។

ជាមួយនឹងការបង្ហើបប្រាប់ពីក្បួននៃការបែងចែកចំណែលនៃចំណូលនិងខ្ទង់ចំណាយសម្រាប់បង់រំលស់ខាងលើនេះ លោក ង៉ែត ជូ ក៏បានបង្ហាញពីក្ដី​បារម្ភ​ផងដែរចំពោះបុគ្គលមួយចំនួនដែលចង់បានលំនៅឋានដោយការទិញបង់រំលស់ ហ៊ានចំណាយរហូតដល់ពាក់កណ្តាលនៃចំណូលសរុបប្រចាំខែរបស់របស់ខ្លួន ឬផ្តល់ព័ត៌មានមិនពិតដល់មន្ត្រីធនាគារឯកជនពីចំណូល ដើម្បីអាចទទួលបានកម្ចីនោះវាគឺជាការប្រឈមទៅនឹងហានិភ័យខ្ពស់បំផុតជាពិសេសនៅក្នុង​បរិបទ​នៃសម័យកាលកូវីដនាពេលបច្ចុប្បន្នដែលប្រភពចំណូលហាក់មិនទៀងទាត់តែម្ដង៕