សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ មិនថាមុនពេល ឬក្នុងកំឡុងពេលកំពុងមានភាពប្រឈមនឹងវិបត្តិនៃសេដ្ឋកិច្ចសាកលក៏ដោយ កំណើននៃចំនួនភ្នាក់ងារអាជីពនៅក្នុងទីផ្សារអចលនទ្រព្យនៅបន្តមានជាបន្តបន្ទាប់ ដោយសារតែគេសំឡឹងឃើញច្បាស់ថា វិស័យមួយនេះ អាចមានឱកាសទទួលបានចំណូលច្រើន តាមរយៈការទទួលបានកម្រៃជើងសារ ឬការទទួលបានកម្រៃបន្ថែមពីការដាក់តម្លៃលើបន្ថែមថ្លៃដើម។ 

ក្រោមរូបភាពដូចបានរៀបរាប់ជូនខាងលើនេះ បានបង្កើតឱ្យមានការប្រកួតប្រជែងគ្នាជាខ្លាំងដើម្បីអាចទទួលបានអតិថិជន ឬចំណែកទីផ្សារ ជាពិសេសស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះតែម្ដង។ 

ជាការចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួន លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Dream Property បានមានប្រសាសន៍ថាកាលពីពេលថ្មីៗនេះថា ភ្នាក់ងារដែលអាចមានលទ្ធភាពក្នុងការទទួលបានទំនុកចិត្ត និងភាពជឿជាក់ពីអតិថិជន គឺត្រូវតែមានលក្ខណៈសម្បត្តិនៃអាជីពគ្រប់គ្រាន់ រួមផ្សំជាមួយអត្តចរឹកល្អ ចេះទទួលខុសត្រូវលើកិច្ចការដែលខ្លួនកាន់នៅក្នុងដៃផងដែរ រាប់ទាំងការចេះរៀបចំរាល់ឯកសារពាក់ព័ន្ធផ្សេងៗផងដែរ។ 

លោកបានបញ្ជាក់ថា “ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនអចលនទ្រព្យត្រូវផ្តល់នូវសេវាកម្ម ជាកញ្ចប់មានទាំងការរត់ឯកសារ លិខិតកក់ប្រាក់ កិច្ចសន្យាទិញ-លក់ និងមានទាំងវាយត្រាពីសំណាក់មេធាវី ដើម្បីឲ្យអតិថិជនមានភាពកក់ក្តៅ និងការទិញលក់របស់គាត់មានសុវត្ថិភាព”។ 

ក្នុងនោះផងដែរលោកក៏បាននិយាយបន្តទៀតថា៖ “បើអតិថិជនបានទិញអចលនទ្រព្យតាមរយៈ ភ្នាក់ងារ របស់យើង យើងត្រូវធ្វើឲ្យមានភាពចំណេញដល់អតិថិជននោះតាមរយៈការបង្ហាញអចលនទ្រព្យល្អ និងមានតម្លៃក្រោមទីផ្សារ ផ្ទុយទៅវិញបើយើងធ្វើបានបែបនោះ ថ្ងៃក្រោយគាត់នឹងណែនាំអ្នកផ្សេងៗ ទៀតឲ្យមករកសេវាកម្មរបស់យើងជាក់ជាមិនខាន”។

ត្រង់ចំណុចនេះលោកក៏បញ្ជាក់៖ “នៅពេលអតិថិជនណែនាំបន្តគ្នាមកកាន់ក្រុមហ៊ុន របស់យើង នោះមានន័យថាពួកគេមានជំនឿចិត្តមកកាន់យើងហើយថាទទួលបានផលចំណេញច្រើន ប៉ុន្តែ ប្រសិនបើអតិថិជនដែលមិនដែលប្រើប្រាស់សេវាកម្មរបស់យើងប្រាកដណាស់ថា គេមិនសូវទុកចិត្ត ខ្លាំងនោះទេ។ លោកក៏បានផ្តល់យោបល់បន្តថា ក្នុងនាមជាអ្នកផ្តល់សេវាកម្មទៅលើវិស័យអចលនទ្រព្យ យើងត្រូវមានចំណេះដឹងឲ្យបានជ្រៅជ្រះតាមរយៈការបង្កើនចំណេះដឹងជាប្រចាំ ការអនុវត្តផ្ទាល់ និងដឹងពីតម្លៃទីផ្សារនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយចំណេះដឹងទាំងអស់នេះ នឹងធ្វើឲ្យអតិថិជនមានទំនុកចិត្តនិងជឿជាក់ ហើយកំណើននៃចំនួនអតិថិជននឹងបង្វែរគោលដៅតម្រង់មករកយើងជាមិនខាន”៕