ប្រទេសឡាវ៖ រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Davong Phonkeo បានទៅទស្សនារោងចក្រចម្រាញ់ប្រេង ឡាវ-ចិន កាលពីពេលថ្មីៗនេះ ហើយបានរាយការណ៍ថា ក្នុងដំណាក់កាលដំបូង រោងចក្រចម្រាញ់ប្រេងនឹងផលិតប្រេងបាន ១លានតោនក្នុងមួយឆ្នាំ ហើយនៅពេលសាងសង់រួចរាល់ វានឹងផលិតបានសរុប ៣លាន តោន។

រោង​ចក្រ​ចម្រាញ់​ប្រេង​ដំបូង​គេ​ក្នុង​ប្រទេស​ឡាវ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ផលិត​ឥន្ធនៈ​ សាកល្បង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​មុន តែត្រូវបានខកខានក្នុងការចែកចាយ។ ទោះ​យ៉ាង​ណា ក្រុមហ៊ុន​មិន​ទាន់​ ចែក​ចាយ​ប្រេង​ដែល​ផលិត​បាន​ទេ ហើយ​កំពុង​រង់ចាំ​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល។

លោក Wang Deng Tao នាយករងក្រុមហ៊ុន Lao-China Petroleum Public Company Limited បាននិយាយថា ការសាងសង់រោងចក្រចម្រាញ់ប្រេងនេះ ចែកចេញជា 3 ដំណាក់កាល ហើយការកសាងរោងចក្រចម្រាញ់ប្រេងទីមួយបានរួចរាល់ហើយ។ តាម​គម្រោង​នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​១០​ឆ្នាំ​ ដើម្បី​បញ្ចប់​ការ​អភិវឌ្ឍ​គម្រោង​ដំណាក់កាល​ទី​២ និង​ទី៣។

រោងចក្រចម្រាញ់ប្រេងនេះ គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Lao-China Petroleum Public Limited និងក្រុមហ៊ុន Yunan Construction Company Group (YCIH) ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Saysettha ដែលមានដើមទុនចុះបញ្ជីចំនួន 36,960,000 ដុល្លារ។