រាជធានីភ្នំពេញ៖ នៅចុងខែសីហា ២០២១នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគចំនួន៣បន្ថែមទៀត ដែលបានបោះទុនវិនិយោគក្នុងខេត្តកំពង់ស្ពឺ សរុប ៣៦, ២លានដុល្លារ បង្កើតការងារបានប្រមាណ ៦០០កន្លែង។
ក្រុមហ៊ុនទាំងនោះមានទីតាំងដូចខាងក្រោម៖
១. XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២នាក់។

២. CAMBODIAN XING CAN SHI PIN CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។

៣. CAMBODIAN A1 STEEL INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧៤នាក់។
