រាជធានីភ្នំពេញ៖ តាមរយៈសារាចរណ៍ណែនាំ ដែលបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៨ ស.រ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្ដាលឱ្យមានការបាត់បង់ ការវាយ​បំផ្លិច​បំផ្លាញការធ្វើឱ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុងតាមបណ្តារាជធានី ខេត្ត ដែល​ជា​សម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍដែលទាមទារឱ្យមាន​ការ​ថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព។

ហេតុនេះ ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុងដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះ​បុរាណស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម ៖

១ - ហាមឃាត់ចំពោះការកែប្រែការប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ 

២ -ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណនិងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។

៣ - បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទី​ចង្អុល​បង្ហាញដើម្បីជំរុញការអភិរក្សនិងការ អភិវឌ្ឍទីក្រុងបតីកភណ្ឌប្រកបដោយនិរន្តរភាព។

៤ -សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោលត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈនិងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័នរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយ​ស្មារតីទទួលខុសត្រូវខ្ពស់៕