ទីក្រុងបាលី, ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមទេស G20 ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាលី
ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីខាងភាគីឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះ បានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក្នុងគោលបំណងផ្លាស់ប្ដូរទស្សនាទានល្អៗលើនិន្នាការសេដ្ឋកិច្ចតំបន់ និងសាកល ជាពិសេសនៅក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្ដារដ្ឋមន្រ្តី ដែលមកពីក្រុមបណ្ដាប្រទេសជាសមាជិករបស់G20 និងប្រទេសមិនមែនសមាជិកផ្សេងទៀត ដែលត្រូវបានអញ្ជើញចូលរួម ព្រមទាំងអង្គការអន្តរជាតិពាក់ព័ន្ធនានា ប្រមាណជិត ៣០ ប្រទេស និងស្ថាប័ន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមផ្លាស់ប្ដូរទស្សនាទានល្អៗ ក៏ដូចជាអនុសាសន៍មួយចំនួន ទៅលើការងារសំខាន់ៗ ដូចជា កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក តួនាទីរបស់ប្រព័ន្ធពហុភាគីនិយមនៅក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបរបស់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគ នៅក្នុងការវិបត្តិកូវីដ-១៩ និងការរៀបចំប្រព័ន្ធសុខាភិបាលសាកល ពាណិជ្ជកម្មឌីជីថល និងច្រវាក់តម្លៃសាកល ការវិនិយោគប្រកបដោយចីរភាពនៅក្នុងការស្ដារសេដ្ឋកិច្ចសាកល ឧស្សាហតូបនីយកម្មប្រកបដោយបរិយាប័ន្ន និងចីរភាពតាមរយៈបដិវត្តឧស្សាហកម្ម ៤.០។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលជាព្រឹត្តិការណ៍អមមួយនៅក្នុងកិច្ចប្រជុំG20 ដែលត្រូវបានរៀបចំឡើងដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ផងដែរ។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានឆ្លៀតឱកាសអនុញ្ញាតទទួលជួបទ្វេភាគីជាមួយប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស អេមីរ៉ាត់អារ៉ាប់រួម លោកជំទាវនាយកប្រតិបត្តិ របស់អង្គការ UNESCAP ប្រចាំទីក្រុងបាងកក ជាដើម ដើម្បីពិភាក្សាពង្រឹងពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម របស់កម្ពុជា៕