រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសេចក្ដីថ្លែងការណ៍របស់កម្ពុជា ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ហៅកាត់ថា (UNCTAD 15) ដែលសហការរៀបចំដោយរដ្ឋាភិបាលនៃប្រទេសបាបេដូស (Barbados) និងអង្គការ UNCTAD នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមរដ្ឋមន្ត្រី ចាប់ផ្ដើមដោយបានជម្រាបជូនថា ផលប៉ះពាល់បង្ករឡើងដោយជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធពហុភាគីគឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលពិភពលោកទាំងមូលកំពុងជួបប្រទះ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងន័យនេះ តួនាទីរបស់អង្គការ UNCTAD ដែលជាស្ថាប័នបង្គោលរបស់អង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ គឺមានសារៈសំខាន់ណាស់ ដើម្បីជាវេទិកាសម្រាប់ប្រទេសជាសមាជិកក្នុងការពិភាក្សា និងរកដំណោះស្រាយជាកុងសង់ស៊ីស សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងឡាយ។ ដូចនេះ ប្រព័ន្ធពហុភាគីសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ តាមរយៈអង្គការ UNCTAD និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺចាំបាច់ត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីជាប្រយោជន៍រួម។

ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញនូវបញ្ហាប្រឈមជាអាទិភាពមួយចំនួន ដែលចាំបាច់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច រួមមាន៖

  • ការទទួលបានសមភាពវ៉ាក់សាំង ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងការចែកចាយទាន់ពេលវេលាដល់ប្រទេសអភិវឌ្ឍន៍តិចតួច។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចាត់ទុកវ៉ាក់សាំងជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
  • ប្រទេសអភិវឌ្ឍន៍តិចតួចនៅតែងាយរងគ្រោះដោយការគំរាមកំហែងពីខាងក្រៅ ដោយទីផ្សារ និងផលិតផលនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច នៅមានកំណត់។ ដូចនេះ អង្គការ UNCTAD ត្រូវតែជួយគាំទ្របន្ថែមទៅដល់ការប្រែក្លាយសេដ្ឋកិច្ចជារួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈការប្រែក្លាយឧស្សាហកម្ម និងបង្កើនលទ្ធភាពកែឆ្នៃផលិតផល ដើម្បីបង្កើតតម្លៃបន្ថែម និងការងារសម្រាប់ប្រជាជន ក៏ដូចជាដោះស្រាយបញ្ហារបាំងបច្ចេកទេសសម្រាប់ពាណិជ្ជកម្មនានា ដែលជាបញ្ហារារាំងដល់ការនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច។ ទាក់ទងនឹងចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យ UNCTAD បន្តជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច លើការពង្រឹងសមត្ថភាពផលិត ការអភិឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងជំនាញបច្ចេកទេស ផងដែរ តាមរយៈការផ្ដល់ជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែម។
  • ចំណុចចុងក្រោយគឺពាណិជ្ជកម្មឌីជីថល ដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធនេះ បានធ្វើឲ្យគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច បានឃ្លាតរឹតតែឆ្ងាយទៅ។ ដូចនេះ លើចំណុចនេះ អង្គការ UNCTAD ក៏មានតួនាទីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍ និងការទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ពង្រឹងប្រព័ន្ធច្បាប់ និងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍។

សូមជម្រាបជូនផងដែរថា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ជាកិច្ចប្រជុំថ្នាក់កំពូលរបស់អង្គការ UNCTAD ដែលធ្វើឡើងរយៈពេល ៤ ឆ្នាំម្ដង ដោយមានការចូលរួមពីសមាជិកអង្គការ UNCTAD ទាំងអស់ ១៩៥ ប្រទេស និងអង្គការអន្តរជាតិ និងតួអង្គដទៃទៀត ដើម្បីពិភាក្សា និងរកដំណោះស្រាយដល់ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។