សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​រៀបចំ​ផែនការនិង​យុទ្ធសាស្ត្រ​សម្រាប់​អាជីវកម្ម​ គឺ​ជា​រឿង​សំខាន់ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​គិត​ឱ្យ​បាន​ដិត​ដល់ស្វែង​យល់​ពី​ទី​ផ្សារនិង​ដៃ​គូ​ប្រកួត​ប្រជែង។​ នៅ​ពេល​ចំណុច​គោលៗ​សំខាន់​ទាំង​នេះ​ត្រូវ​បាន​សិក្សា និង​រៀប​ចំ​បាន​រួច​ស្រេច​ហើយក៏​ឈាន​ដល់​ដំណាក់​កាល​គិត​គូរ​ពី​ថវិកា​ដែល​អ្នក​ត្រូវ​ចំណាយ​​ក្នុង​ការ​ធ្វើ​ឱ្យ​ Brand ​អាជីវកម្ម​ប្រភេទ​Start Up របស់​អ្នក​អាច​វាយ​លុក​ទីផ្សារ​បាន​លឿន និង​​ផ្ដោត​មុខ​ព្រួញ​លើ​អតិថិជន​គោលដៅ​របស់​អ្នក​បាន​ត្រឹម​ត្រូវ។

អ្វី​ដែល​អ្នក​ត្រូវ​គិត​មុន​ពេល​រៀប​ចំ​ផែនការ​ថវិកា​សម្រាប់​អាជីវកម្ម​របស់​អ្នក៖

ជំហានទី១៖ រាយ​បញ្ជី​ចំណាយ​ដែល​ចាំបាច់​ ដែល​អាជីវកម្ម​របស់​អ្នក​អាច​នឹង​ត្រូវ​ចំណាយ

ចូរ​គិត​អំពី​ការ​ចំណាយ​លើ​សេវា​ផ្សេងៗ និង​ទ្រព្យ​សម្បត្តិឬ​សម្ភារៈ​ដែល​អ្នក​ត្រូវ​ការ​ចាំបាច់​សម្រាប់​ត្រៀម​មុន​ពេល​សម្ពោធ​អាជីវកម្ម​របស់​អ្នក។ ​ត្រូវ​រាយ​នាម​​រាល់​ការ​ចំណាយ​ទាំង​នោះ​ដូច​ជា​ គ្រឿង​សង្ហារឹម គ្រឿង​បរិក្ខារ​ផ្សេងៗ កុំព្យូទ័រ យាន​ជំនិះ(បើ​ចាំបាច់) ការ​ចំណាយ​លើ​​សេវាកម្ម​សុវិត្ថភាព​ ការ​ជួល​ទីតាំង ពន្ធ​អាករ​ ប្រាក់​បៀវត្សរ៍ (ករណី​មាន​បុគ្គលិក)​ ការ​រៀប​ចំ​តុបតែង​ហាងឬ​ទីតាំង ប៉ាតង់ និង​កម្មសិទ្ធិ​បញ្ញា​ជា​ដើម។ ទាំង​នេះ​គឺ​ជា​ការ​ចំណាយ​គោលនិង​ ចាំបាច់​មុន​ពេល​ចាប់​ផ្ដើម​អាជីវកម្ម​របស់​អ្នក។ ក្រៅ​ពី​នេះប្រសិន​បើ​អាជីវកម្ម​របស់​អ្នក​ជា​ប្រភេទ​អាជីវកម្ម​តាម​អនឡាញ អ្នក​ត្រូវ​គិត​គូរ​ដល់​ការ​រៀប​ចំ​វិបសាយ ការ​រៀប​ចំ​មាតិកា ការ​ឌីហ្សាញ រូបភាព និង​បុគ្គលិក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ជា​ដើម។

ជំហានទី២៖ កំណត់​អំពី​ការ​ចំណាយ​ប្រចាំ​របស់​អ្នក

ដំណាក់​កាល​នេះអ្នក​ត្រូវ​បែង​ចែក និង​កំណត់​ថា​តើ​ការ​ចំណាយ​ណា​ខ្លះ​ដែល​អ្នក​ត្រូវ​​ធ្វើ​​ជា​រៀង​រាល់​ខែ​ដូច​ជា ការ​ជួល​ទីតាំង ធានារ៉ាប់រង ប្រាក់​ខែ​បុគ្គលិក និង​អត្ថប្រយោជន៍​ផ្សេងៗ​ ការ​គ្រប់​គ្រង​វិបសាយ សេវា​ទូរសព្ទ​និង​អ៊ីនធឺណិត ថ្លៃ​ធនាគារ។ ​ក្រៅ​ពី​នេះ​ក៏​មិន​ត្រូវ​ភ្លេច​មាន​លុយ​ខ្លះ​សម្រាប់​បម្រុង​លើ​ការ​ចំណាយ​ជា​ប្រចាំ​មួយ​ចំនួន​ផង​ដែរ។ ឧទាហរណ៍ បើ​អ្នក​ជួល​បុគ្គលិក​ផ្នែក​គ្រប់​គ្រង​បណ្ដាញ​សង្គម​ដែល​ត្រូវ​ផ្ដល់​ប្រាក់​ឈ្នួល​ជា​រៀងរាល់​ខែ អ្នក​ក៏​ត្រូវ​ចំណាយ​ទៅ​លើ​ឧបករណ៍​សម្រាប់​ពួក​គេ​ដូច​ជា កុំព្យូទ័រ និង​ Software ដែល​ចាំបាច់​សម្រាប់​ការងារ​ពួក​គេ​ជា​ដើម។

ជំហានទី៣៖ ប៉ាន់ស្មាន​អំពី​ការ​ចំណាយ​បន្ថែម​ផ្សេង​ទៀត

អ្វី​ដែល​អ្នក​គួរ​គិត​បន្ថែម​មាន​ដូច​ជាវត្ថុធាតុ​ដើម ការ​ចំណាយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម ទឹក​ភ្លើង ថ្លៃ​ដឹក​ជញ្ជូន ពន្ធ​លើ​ប្រាក់​ចំណូល ការ​ធ្វើ​ដំណើរ ការ​ជួល ​Agency ក្រៅ​ម្ដង​ម្កាល​ជា​ដើម។ មក​ដល់​ត្រឹម​នេះការ​បញ្ចូល​គ្នា​រវាង​ការ​ចំណាយ​ជា​ប្រចាំ និង​ការ​ចំណាយ​បន្ថែម​ នឹង​ជួយ​ឱ្យ​អ្នក​អាច​កំណត់​ពី​ការ​ចំណាយ​នៃ​អាជីវកម្ម​របស់​អ្នក​បាន​ច្បាស់​លាស់ និង​អាច​ត្រៀម​កញ្ចប់​ថវិកា​មួយ​ផ្នែក​សម្រាប់​បន្ថែម​បន្ថយ​លើ​ការ​ចំណាយ​ដែល​បាន​ព្រៀង​ទុក​នេះ។

ជំហានទី៤៖ គណនា​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​អ្នក

បន្ទាប់​មក​អ្នក​ត្រូវ​តែ​ព្យាករណ៍​អំពី​ប្រាក់​ចំណូល​ដែល​អាជីវកម្ម​របស់​អ្នក​អាច​រក​បាន​ពី​គ្រប់​រូបភាព។ អ្នក​ត្រូវ​ចេះ​ប្រើ​ព័ត៌មាន​ទាំង​អស់​ទាក់​ទង​នឹង​អតិថិជន​របស់​អ្នក​ដើម្បី​វាស់​ស្ទង់​ពី​​កម្រិត​នៃ​ការ​ទិញ ឬ​ជាវ​សេវាកម្ម​របស់​អ្នក។

​ប្រភព​ចំណូល​ដែល​អាជីវកម្ម​របស់​អ្នក​អាច​ទទួល​បានអាច​ជា​ការ​លក់​ផលិតផលឬ​សេវាកម្ម ​កាត​ឥណទាន​អាជីវកម្មឬ​សាជីវកម្ម ប្រាក់​កម្ចី​គណនី​សន្សំ ​ឬ​ប្រាក់​ចំណូល​ពី​ការ​វិនិយោគ។

ជំហានទី៥៖ យក​គម្រោង​ចំណាយនិង​គម្រោង​ប្រាក់​ចំណូល ​មក​ស៊ីសង​គ្នា​ដើម្បី​បង្កើត​កញ្ចប់​ថវិកា

ពេល​នេះអ្នក​អាច​ប្រៀបធៀប​រវាង​ការ​ចំណាយនិង​ប្រាក់​ចំណូល​របស់​អ្នក​ដែល​អាច​ជួយ​ឱ្យ​អ្នក​កំណត់​កញ្ចប់​ថវិកា​អាជីវកម្ម​របស់​អ្នក​បាន​ក្នុង​អំឡុង​ពេល​ចាប់​ផ្ដើម​ដំបូង​នេះ។ ជា​ធម្មតា ម្ចាស់​អាជីវកម្ម​គួរ​មាន​កញ្ចប់​ថវិកា​មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ករណី​បន្ទាន់ ឬ​យថាហេតុ​ដែល​មិន​បាន​ព្រៀង​ទុក ទើប​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​អាជីវកម្មដែល​នាំ​ឱ្យ​បរាជ័យ​ដោយ​មិនបាន​ត្រៀម​ខ្លួន​ជា​មុន៕