ការធ្វើអាជីវកម្មវាជារឿងមួយដែលមនុស្សទូទៅភាគច្រើនបានដឹងគ្រប់គ្នាហើយថាក្រុមហ៊ុនមួយអាចដើរបានអាស្រ័យលើដើមទុន ដែលជាការសំដៅលើលុយ ផ្ទុយទៅវិញកត្តាដែលអាចធ្វើឲ្យក្រុមហ៊ុនដុំណើរការល្អមិនមែនត្រូវការលុយតែមួយមុខនោះទេ ពោលគឺត្រូវការជំនាញផ្នែកផ្សេងៗជាច្រើនទៀតដែលជាកត្តាធ្វើឲ្យមុខជំនួញកាន់តែប្រសើរឡើងថែមទៀត។យើងសូមលើកយកជំនាញទន់ ក្នុងវិស័យនេះ ដើម្បីឲ្យអាជីកម្មនោះកាន់តែជោគជ័យនិងមានការគាំទ្រច្រើនពីអតិថិជន ។

១.ជំនាញផ្នែកទំនាក់ទំនង: ការមានទំនាក់ទំនងល្អ ជាមួយមនុស្សខាងក្រៅអាចជួយឱ្យអាជីវកម្មយើងរីកចម្រើនលឿនលើសពី ៣០ភាគរយ ដូច្នេះ អ្នករកស៊ី ឬធ្វើជំនួញគួរពង្រឹងជំនាញទាក់ទំនងឱ្យបានច្រើនដើម្បីបង្កើតបានជាបណ្តាញនិងមានភាពងាយស្រួលក្នុងការរកស៊ី។

២.ជំនាញនិយាយជាសាធារណៈ: អ្នករកស៊ីត្រូវមានវិធីសាស្រ្តក្នុងការនិយាយឲ្យអ្នកដទៃជឿជាក់លើខ្លួនឯង ហើយការនិយាយនោះទៀតសោត ត្រូវមានភាពជាអ្នកដឹកនាំនិងអាចនិយាយទៅកាន់អ្នកដទៃឲ្យមានទស្សនៈ និងការមើលឃើញដូចជាអ្នកទើបអ្នកអាចមានភាពលូតលាស់ទៅបានលឿន។ ម៉្យាងវិញទៀត វាអាចជួយឲ្យអ្នកមានភាពលិចធ្លោនិងមានភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន។

៣.ជំនាញដឹកនាំក្រុម:  ជំនាញដែលពិបាកគឺជំនាញដឹកនាំមនុស្សព្រោះបុគ្គលិកម្នាក់ៗ មានអត្តចរិតផ្សេងៗគ្នា ដូច្នេះមុនចេញរកស៊ីអ្នកត្រូវពង្រឹងលើជំនាញនេះឲ្យបានល្អដើម្បីដឹកនាំក្រុមការងារនិងស្ថាប័នរបស់អ្នកកាន់តែមានសន្ទុះថែមទៀត។

៤.ជំនាញរៀបចំផែនការ: ដើម្បីឲ្យការរកស៊ីមានគោលដៅកាន់តែច្បាស់លាស់នោះ អ្នករកស៊ី ឬធ្វើជំនួញត្រូវមានផែនការនៃការរកស៊ីឲ្យច្បាស់គឺគិតគោលដៅ៥ឆ្នាំខាងមុនដោយគិតទុកមុនពីហានិភ័យ បញ្ហាប្រឈមផ្សេងៗដែលយើងនិងជួបប្រទះ របាយការណ៍ចំណេញខាត ទាំងឡាយគិតឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីជាការសិក្សាវាយតម្លៃពីចំណូល ចំណេញនិងការរីកចម្រើននៃអាជីវកម្មជាដើម។

៥.ជំនាញធ្វើទីផ្សារ: ជំនាញទីផ្សារនេះគឺដូចជាក្បាលម៉ាស៊ីនមួយដែលនាំយកអាជីវកម្មរបស់អ្នកឲ្យអតិថិជនបានស្គាល់និងមានទំនុកចិត្តលើផលិតផលរបស់អ្នក​ជាពិសេសអ្នកធ្វើអាជីវកម្មត្រូវតែសម្របខ្លួនទៅតាមសម័យកាលនៃការប្រើប្រាស់របស់អតិថិជនដូចជាបច្ចុប្បន្ននេះជាដើមការរកស៊ីបែបឌីជីថល បានកំពុងវាយលុកយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា។

៦.ជំនាញលក់: ការធ្វើអាជីវកម្មមិនមែនមាននួយថាលក់ផលិតផលតែមួយមុខនោះទេ គឺត្រូវមានទាំងការលក់ទំនុកចិត្តការលក់ភាពជឿជាក់ដល់អតិថិជន ដែលអាចយកបេះដូងអ្នកទិញបាន គួបផ្សំជាមួយជំនាញនៃការនិយាយ បច្ចេកទេសក្នុងការលក់ដើម្បីចងចិត្តអតិថិជនមិនឲ្យងាករេទៅរកដៃគូប្រកួតប្រជែងយើងបាន។

៧.ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ: ការគ្រប់គ្រងហិរញ្ញវត្ថុគឺជាធាតុផ្សំដ៏សំខាន់មួយដើម្បីថែរក្សានូវប្រាក់ចំណូលរបស់អ្នកជៀសវាងការប្រើប្រាស់លុយខ្ជះខ្ជាយហើយប្រសិនបើអ្នកមិនមានជំនាញគ្រប់គ្រងហិរញ្ញវត្ថុនេះទេ  បើទោះបីជាអ្នករកចំណូលបានច្រើនប៉ុណ្ណាក៏ដោយហើយអ្នកនឹងបន្តប្រើប្រាស់ពេលវេលាធ្វើការដើម្បីលុយពេញមួយជីវិតជាក់ជាមិនខាន ជាពិសេសវានឹងបង្កការលំបាកណាស់ក្នុងការកសាងនូវភាពរីកចម្រើន៕