ចង់ក្លាយជាសហគ្រិន ជាបំណងរបស់យុវវ័យជាច្រើន​នាពេលបច្ចុប្បន្ន តែក្នុងចំណោម​ចំនួនមនុស្ស​ដ៏ច្រើនដែល​ចង់ក្លាយជាអ្នករកស៊ីនេះ មានយុវជនត្រឹមតែមួយចំនួនតូចប៉ុណ្ណោះ ដែលជោគជ័យ និងក្លាយជាសហគ្រិនពិតប្រាកដ។

លោកឧកញ៉ា គួច ម៉េងលី សហគ្រិនកម្ពុជាមួយរូបនិង​ជាអគ្គនាយកក្រុមហ៊ុន​ ម៉េងលី ជេគួច អេឌ្យូខេសិន បានលើកឡើងថា បញ្ហាដែលយុវវ័យជាច្រើនមិនជោគជ័យក្នុងការធ្វើអាជីវកម្ម ហើយបាក់ស្បាតលែងហ៊ានរកស៊ីដោយសារតែពួកគេមើលតែរូបភាពខាងក្រៅរបស់អ្នករកស៊ីជោគជ័យច្រើនពេក ហើយភ្លេចគិតពីការអប់រំពិតប្រាកដរបស់ខ្លួន។ មានយុវជនខ្លះមើលឃើញថា អ្នករកស៊ីមានបានមានសេរីភាពហិរញ្ញវត្ថុ មានមុខមាត់ក៏ចង់រកស៊ីតាមគេដែរទាំងខ្លួនគ្មានមូលដ្ឋានគ្រឹះរឹងមាំផ្នែកអាជីវកម្ម ក៏បិទទ្វាទៅវិញខាតបង់​លែងហ៊ានរកជាថ្មី។ បន្ថែមពីលើនេះមានអ្នកខ្លះទៀត​មើលឃើញអ្នករកស៊ីមួយចំនួនតូច បោះបង់ការសិក្សាចោលហើយចេញមករកស៊ីជោគជ័យក៏បោះបង់ការសិក្សាចោល ហើយប្រញ៉ាប់ធ្វើសហគ្រិនវ័យក្មេងក៏ឈប់រៀន​ ហើយធ្លាក់ទឹកដោយសារតែរកស៊ីតាមគេតាមឯង។

លោកឧកញ៉ា គួច ម៉េងលី បាននិយាយថា៖« អ្វីដែលយុវជនត្រូវធ្វើ មិនមែនប្រញ៉ាប់ចេញរកស៊ីធ្វើអ្នកមាននោះទេ តែត្រូវខិតខំប្រឹងប្រែងរៀនឱ្យបានច្បាស់លាស់ និងធ្វើជាមនុស្សដែលគេត្រូវការពិតប្រាកដ មិនមែនហក់លោកតែគ្មានចំណេះដឹងអ្វីនោះទេ»។

សហគ្រិន និងជាអ្នកអប់រំខាងលើ បានលើកឡើងផងដែរថា កំហុសដែលមនុស្សបច្ចុប្បន្នមួយចំនួនកំពុងជួបប្រទះគឺមើលតែដំណាក់កាលដែលគេជោគជ័យរួចទៅហើយ តែភ្លេចមើលពីការខិតខំប្រឹងប្រែងពិតប្រាកដដែលគេបានធ្វើនៅពីក្រោយខ្នង។ អ្នករកស៊ីពូកែមួយចំនួនតូចគេអាចបោះបង់ចោលសាលាតែគេមិនបោះបង់ចោលការអប់រំនោះទេ។ គេស្រាវជ្រាវច្បាស់លាស់ពីអ្វីដែលគេកំពុងធ្វើ ហើយ​គេក៏ខិតខំប្រឹងប្រែងពេញមួយជីវិត អភិវឌ្ឍសមត្ថភាពដើម្បីធ្វើឱ្យអ្វីដែលគេរកឃើញនោះ ក្លាយជារបស់សំខាន់សម្រាប់ដោះស្រាយបញ្ហាមនុស្ស មិនមែនដើម្បីតែធ្វើអ្នកមានមួយមុខគត់នោះទេ។

ហេតុនេះប្រសិនបើយើងធ្វើមិនបានដូចគេ យើងគួរចាប់ផ្តើមធ្វើអ្វីដែលយើងអាចធ្វើបាន។ ចំណុចសំខាន់ដំបូងបំផុតគឺខំរៀនឱ្យច្បាស់លាស់ បុកគ្រឹះឱ្យមាំក្នុងការអប់រំ ដោយរៀនឱ្យប្រាកដតែមួយមហាវិទ្យាល័យបានហើយ។ បន្ទាប់មក​ចាប់ផ្តើមស្វែងរកការងារស្ម័គ្រចិត្ត ឬការងារហាត់ការណាដែលត្រូវនឹងជំនាញ។ កុំគិតថាពីប្រាក់ខែតិច ឬច្រើន ព្រោះយើងទៅរៀនមិនទាន់ដល់ដំណាក់កាលធ្វើការយកធ្វើអ្នកមានទេ។ ​នៅកន្លែងធ្វើការត្រូវធ្វើឱ្យអស់ពីចិត្ត ហើយកុំខ្វល់ច្រើនថា គេប្រើច្រើនព្រោះគេប្រើយើងកាន់តែច្រើន យើងកាន់តែចេះ។ យុវជនគួរចងចាំថា ការធ្វើការងារហាត់ការនេះជាឱកាសល្អណាស់ ដែលមានឱកាសសុំរៀនពីក្រុមហ៊ុនគេហើយបានលុយថែមទៀត។ ក្រោយពេលធ្វើការងារច្បាស់លាស់ហើយ ច្បាស់ណាស់ថារៀនចប់ភ្លាមក្រុមហ៊ុននោះនឹងទាក់ទងយកយើងភ្លាម។

ប្រសិនបើយើងចង់ក្លាយជាអ្នករកស៊ីយើងអាចធ្វើការងារឱ្យឆ្អិន ធ្វើឱ្យ​គ្រប់រឿង ហើយកុំខ្លាចហត់។នៅពេលសន្សំបានទំនាក់ទំនងល្អ ចំណេះដឹង បទពិសោធន៍ និងហិរញ្ញវត្ថុគ្រប់គ្រាន់ហើយចាំចេញមក​ប្រលូកក្នុងអាជីវកម្មក៏មិនទាន់ហួសពេលដែរ៕