សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សូមអបអរសាទរ! អ្នកត្រូវបានជាប់ក្នុងដំណាក់កាលសម្រាំងដំបូងហើយ ត្រូវបានអញ្ជើញទៅសម្ភាសការងារផ្ទាល់។ នេះអារម្មណ៍ដ៏រំភើប ហើយដែលបេក្ខជនភាគច្រើនហាក់ព្រួយបារម្ភតិចតួច ព្រោះត្រូវត្រៀមខ្លួនឱ្យបានល្អសម្រាប់ដំណាក់កាលនេះ។ ដូច្នេះមួយថ្ងៃមុនពេលសម្ភាសការងារ អ្នកគួរធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនសម្រាប់ឆ្លើយសំណួរនៅថ្ងៃស្អែក និងអាចទទួលបានជោគជ័យក្នុងភាគរយច្រើន?

ស្រាវជ្រាវ៖
ត្រូវប្រាកដថា អ្នកដឹងថាស្អែកអ្នកណាដែលជាអ្នកសម្ភាសរូបអ្នក ហើយក៏ត្រូវដឹងពីព័ត៌មានសំខាន់ៗទាក់ទងនឹងក្រុមហ៊ុនដែលអ្នកកំពុងតែដាក់ពាក្យផងដែរ។ ការដែលដឹងរឿងខ្លះទាក់ទងនឹងអ្នកដែលត្រូវសម្ភាសអ្នក អាចជួយអ្នកកុំឱ្យមានអារម្មណ៍ភិតភ័យ ក៏ដូចជាអាចស្ទាបស្ទង់អំពីសំណួរដែលពួកគេនឹងចោទសួរនៅថ្ងៃស្អែកបានល្អគួរសម។

សើរើនិងពិនិត្យមើលបទពិសោធន៍ការងារដែលអ្នកមានពីមុនមកឡើងវិញ៖

ក្រៅពីការដឹងអំពីក្រុមហ៊ុនដែលអ្នកកំពុងដាក់ពាក្យហើយនិងអ្នកដែលត្រូវសម្ភាសអ្នក អ្នកក៏គួរតែពិនិត្យមើលបទពិសោធន៍ការងារ​ពីមុនមករបស់អ្នកដែលពាក់ព័ន្ធនឹងតួនាទីថ្មីនេះ។ អ្នកអាចនឹងត្រូវឆ្លើយសំណួរឱ្យរៀបរាប់អំពីបទពិសោធន៍ដែលអ្នកមាន ចំណុចខ្លាំង និងចំណុចខ្សោយ ហើយត្រូវត្រៀមចម្លើយឱ្យបានរួចរាល់ កុំឱ្យទាក់ទើក្នុងពេលសម្ភាស។

សមចម្លើយឱ្យហើយ៖

សាកល្បងដើរតួខ្លួនអ្នកជាមនុស្សពីរម្នាក់ជាអ្នកសម្ភាស​ និងម្នាក់ទៀតជារូបអ្នកផ្ទាល់ដែលត្រូវឆ្លើយសំណួរ។ អ្នកគួរស្រាវជ្រាវមើលសំណួរដែលសំខាន់ៗសម្រាប់តួនាទីដែលអ្នកកំពុងដាក់ពាក្ យហើយសមឆ្លើយនៅមុខកញ្ចក់ដើម្បីបង្កើនទំនុកចិត្តនៅថ្ងៃស្អែក។

ត្រៀមឱ្យហើយថាត្រូវស្លៀកពាក់បែបណាទៅសម្ភាស៖

ការរៀបចំខ្លួនក៏ជាផ្នែកមួយសំខាន់ដែលនាំឱ្យអ្នកជោគជ័យក្នុងការសម្ភាសផងដែរ។ អ្នកគួរត្រៀមសម្លៀកបំពាក់ឱ្យសមនឹងតួនាទីដែលអ្នកកំពុងដាក់ពាក្យ ជាប្រភេទសម្លៀកបំពាក់ដែលសមរម្យរួមទាំងការតុបតែងខ្លួនផងដែរ ហើយត្រូវជ្រើសរើសប្រភេទសម្លៀកបំពាក់ដែលធ្វើឱ្យអ្នកស្រួលខ្លួនក្នុងពេលអង្គុយសម្ភាសយូរ។

ត្រៀមរបស់សំខាន់ៗឱ្យហើយ៖

អ្វីខ្លះជារបស់សំខាន់សម្រាប់ការសម្ភាស? អ្នកត្រូវត្រៀមរបស់មួយចំនួនដូចជា ដបទឹកញ៉ាំ ច្បាប់ចម្លងប្រវត្តិរូបសង្ខេបរបស់អ្នក (ក្នុងករណីត្រូវការចាំបាច់ណាមួយ) លេខទំនាក់ទំនងរបស់អ្នកសម្ភាស និងប៊ិចជាដើម។ ក្រៅពីនេះអ្នកក៏គួរដឹងឱ្យហើយដែរនូវកន្លែងចំណត ផ្លូវចូលទៅកន្លែងសម្ភាស ជាន់និងបន្ទប់ដែលត្រូវសម្ភាសដើម្បីកុំឱ្យខាតពេលដើររក ពេលទៅដល់នៅថ្ងៃស្អែក។

ចូលគេងឱ្យបានពីព្រលប់និងគ្រប់គ្រាន់៖

កុំរវល់តែរំភើបនឹងការសម្ភាសរហូតដល់ថ្នាក់គេងលែងលក់។ ការគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អនៅថ្ងៃស្អែក ហើយអាចត្រៀមខ្លួនបានល្អ។

ត្រៀម​អាហារពេលព្រឹកសម្រាប់ថ្ងៃស្អែក៖

មួយវិញទៀត អ្នកក៏គួរត្រៀមថាស្អែកគួរញ៉ាំអាហារពេលព្រឹកបែបណាដើម្បីចំណេញពេលវេលាឬផ្ដល់ថាមពលសម្រាប់អ្នកពេញមួយថ្ងៃ ជាពិសេសសម្រាប់ការសម្ភាសរបស់អ្នក។ អាហារពេលព្រឹកគឺជារបស់ដ៏ចាំបាច់ណាស់ដើម្បីបង្កើនថាមពល និងភាពឈ្លាវឆ្លាតរបស់អ្នក៕