ការធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យ គឺមិនមែនរឿងងាយស្រួលនោះទេពោលគឺ ប្រសិនបើអ្នកមិនមានការស្វែងយល់ដឹងឲ្យបានច្បាស់លាស់ពីទឹកចិត្តរបស់អតិថិជន នោះអាជីវកម្មរបស់លោកអ្នកប្រាកដជាជួបប្រទះនូវបញ្ហាលក់មិនដាច់ជាក់ជាមិនខាន។ តែយ៉ាងណាមិញ វានឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រសិនបើអ្នកបានសិក្សានិងស្វែង យល់ឱ្យកាន់តែច្បាស់ ពីគន្លឹះផ្សេងៗក្នុងវិស័យមួយនេះ។ ដូច្នេះខាងក្រោមនេះ គឺជា ប៉ុន្មានវិធីសាស្រ្តរបស់លោកបណ្ឌិត គីម ហ៊ាង ដែលជាបុគ្គលជោគជ័យមួយរូបក្នុង វិស័យអចលនទ្រព្យ:
១)ដាក់តម្លៃលក់ឱ្យសមស្របទៅនឹងតម្លៃទីផ្សារ
អ្នកត្រូវតែស្វែងយល់ឱ្យច្បាស់ពីតម្លៃនិងគុណភាពផលិតផលរបស់អ្នកធៀបទៅនឹ ងតម្លៃនៃការលក់នៅទីផ្សារ។ ម៉្យាងវិញទៀតអ្នកត្រូវថ្លឹងថ្លែងពីវាឱ្យច្បាស់មុននឹងធ្វើ ការដាក់លក់ ហើយត្រូវធ្វើយ៉ាងណាកុំឱ្យវាថ្លៃខ្ពស់ពេកឬថោកពេកសម្រាប់អតិថិជន។ ដូច្នេះអចលនទ្រព្យរបស់អ្នកអាចទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជននិងងាយលក់ដាច់យ៉ាងឆាប់រហ័ស។
២) ត្រូវស្វែងរក និងកំណត់ថា អតិថិជនណាដែលអាចទិញអចលនទ្រព្យរបស់អ្នក
ការស្វែងរកអតិថិជនឱ្យបានត្រឹមត្រូវ គឺជាចំណុចមួយដែលម្ចាស់អាជីវកម្មគ្រប់រូបគួរតែយកចិត្តទុកដាក់។ ក្នុងនោះផងដែរអ្នកត្រូវតែធ្វើយ៉ាងណា ដើម្បីឱ្យដឹងពី សមត្ថភាពដែលពួកគេអាចទិញនិងប្រើប្រាស់សេវាកម្មអចលនទ្រព្យរបស់អ្នក ក្នុងការចុះទៅជួបពិភាក្សា និងណែនាំគម្រោងផ្សេងៗឱ្យត្រូវនឹងតម្រូវការរបស់ពូកគេ។
៣) អចលនទ្រព្យនៃអាជីវកម្មរបស់អ្នក ត្រូវតែមានគុណភាព
អ្នកត្រូវតែដឹងច្បាស់ពីគុណភាពលិតផលរបស់អ្នកថាវានឹងមានគុណសម្បត្តិអ្វីខ្លះ ដល់អតិថិជន នៅពេលដែលពួកគេប្រើប្រាស់ ឬទិញពីអ្នក។ ម៉្យាងវិញទៀតអ្នកត្រូវតែធ្វើយ៉ាងណាឱ្យផលិតផលរបស់អ្នកមានគុណសម្បត្តិច្រើនដល់អតិថិជនដើម្បីឱ្យអចលនទ្រព្យរបស់លោកអ្នកលក់ឆាប់ដាច់។
៤) ស្គាល់អតិថិជនឱ្យបានច្បាស់
អតិថិជនគឺពិតជាមានសារៈសំខាន់ណាស់ក្នុងវិស័យអចលនទ្រព្យឱ្យឆាប់ទទួលបានជោគជ័យ ពោលគឺបើគ្មានពួកគេទេ អាជីវកម្មរបស់អ្នកនឹងមិនអាចបន្តទៅមុខបានទៀតឡើយ។ដូច្នេះ អ្នកត្រូវតែស្វែងយល់ និងស្គាល់ពីអតិថិជនឱ្យច្បាស់ ពីសមត្ថភាពហិរញ្ញវត្ថុក៏ដូចជាទីតាំងអចលនទ្រព្យដែលពួកគេត្រូវការ និយាយឱ្យចំគឺ គោលបំណងរបស់ពួកគេតែម្តង។នៅពេលដែលអ្នកដឹងច្បាស់ពីអ្វីដែលអតិថិជនចង់បាន វានឹងផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការដាក់ឱ្យចំតម្រូវការរបស់ពួកគេ។
៥) ត្រូវមានទីតាំងឱ្យសមស្របទៅនឹងតម្រូវការអតិថិជន
ទីតាំងនៃអចលនទ្រព្យទាំងអស់គឺពិតជាមានឥទ្ធិពលខ្លាំងណាស់ដល់អតិថិជនមានន័យថា ពួកគេត្រូវការទីទាំងតាំងដែលសមស្រប ដែលអាចរស់នៅនិងប្រកបការងារបាន។ត្រង់ចំណុចនេះ អ្នកគួរតែស្វែងរកទីតាំងណាដែលអាចផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ដូចជាមានទីផ្សារ មានមនុស្សរស់នៅច្រើន មានសាលារៀន និងសម្បូរការងារជាដើម។
៦) ត្រូវតែមានភាពច្បាស់លាស់ទៅលើអចលនទ្រព្យរបស់ខ្លួន
ជាការពិតណាស់ក្នុងវិស័យអចលនទ្រព្យគឺមានច្រើនផ្នែកផ្សេងៗគ្នា ដូចជា ការលក់ដីឡូតិ៍ បុរី ផ្ទះល្វែងខុនដូឬការជួលជាដើម។ ដូច្នេះអ្នកគួរតែផ្តោតជាសំខាន់ទៅលើផ្នែកណាមួយដែលអ្នកលក់ឱ្យបានច្បាស់លាស់បំផុត។ ឬអាចថាប្រសិនបើអ្នកលក់ផ្ទះ ត្រូវច្បាស់ពីផ្ទះនិយាយរួមធ្វើយ៉ាងណាឱ្យផលិតផលរបស់អ្នកមានភាពច្បាស់លាស់និងសាកសមតាមតម្រូវការអតិថិជន។
សរុបរួមមកវិញ ក្បាច់លក់អចលនទ្រព្យទាំង៦ខាងលើនេះ គឺជាការចែករំលែកដោយលោកបណ្ឌិតគីម ហ៊ាង ដែលជាប្រធានក្រុមហ៊ុន KW Cambodia និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាដើម្បីជាជំនួយ ជួយទៅដល់ការលក់ដូរអចលនទ្រព្យរបស់អ្នកទាំងអស់គ្នា។ដូច្នេះសង្ឃឹមថាក្រោយ ពេលដែលលោកអ្នកអានគន្លឹះទាំង៦នេះនឹងបានយល់កាន់តែច្បាស់ពីយុទ្ធសាស្ត្រ នៃការលក់អចលនទ្រព្យឱ្យឆាប់ដាច់និងដំណើរការល្អ៕