រាជធានីភ្នំពេញ៖ ក្នុងពិធីសម្ពោធការនាំចេញ ផ្លែស្វាយស្រស់កម្ពុជាជាផ្លូវ ការទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៧ខែឧសភា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងកសិកម្ម បានទទួលពាក្យស្នើសុំចុះ បញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនពីក្រុមហ៊ុនចំនួន៥៥។

បន្ទាប់ពីទទួលបានការស្នើសុំនេះ ក្រសួងបានចាត់មន្ត្រីជំនាញឱ្យចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ វាយតម្លៃ និងជ្រើស រើសបានកសិដ្ឋានចំនួន៣៧ ដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។    

ជាមួយគ្នានោះ ក្រសួងក៏ បានជំរុញការកសាងបំពាក់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ សម្រាប់អនុវត្តន៍ប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយ បានចំនួន០៥ គឺការ ប្រើចំហាយទឹកក្តៅមានចំនួន ០២ និងប្រើទឹកក្តៅចំនួន០៣ ដើម្បីស្នើសុំការចុះបញ្ជីទទួល ស្គាល់ពីGACC កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២១ កន្លងមកនេះ។ 

ផ្លែតាង៉ែនដែរ ដែលជាផ្លែឈើបន្ទាប់ពីផ្លែស្វាយ ហើយមានទឹកមាត់ត្រចៀកកាំ ហើយនឹងមានផ្លែឈើជាបន្ត បន្ទាប់ទៀត ដូចជាផ្លែស្រកា នាគជាដើម យើងមានផ្លែឈើជាច្រើនទៀត ហើយនិងផលិតផលកសិកម្មជាច្រើនមុខទៀត ដូចជាទុរេន និងម្នាស់ជាដើមដែលអាចនាំទៅកាន់ប្រទេសចិននៅពេលខាងមុខផងដែរ។ នេះបើតាមប្រសាសន៍ រដ្ឋមន្រ្តីក្រសួងកសិកម្ម ។

ឯកឧត្តមបានបន្តថា បន្ទាប់ពីការត្រៀមខាងបច្ចេកទេសកម្រិតកសិដ្ឋាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ ត្រូវបានបញ្ចប់ដំណើរការពិនិត្យវាយតម្លៃតាមប្រព័ន្ធវីដេអូទៅលើចម្ការស្វាយ និងរោងចក្រប្រព្រឹត្តិកម្មកម្តៅកម្ចាត់ពងរុយចោះផ្លែស្វាយ ដោយមន្ត្រីជំនាញនៃ GACC ប្រចាំខេត្តក្វាងស៊ី បានដំណើរការកាលពីថ្ងៃ ទី ១០ ខែមីនា ឆ្នាំ២០២១ ។

សូមជម្រាបជូនដែរថា កម្ពុជាបាននាំចេញផ្លែចេកស្រស់កាលពីឆ្នាំកន្លងទៅ ហើយឆ្នាំនេះ យើងបានទទួលការអនុញ្ញាតដោយនាំស្វាយស្រស់ទៅកាន់ប្រទេសចិនទៀត៕