ជាមួយនឹងគំនិតបង្កើតថ្មីប្លែកៗ ច្នៃដោយយកផ្កានិងរបស់សិល្បៈផ្សេង មកបង្កើតបានជាគំរូអនុស្សវរីយ៍ដែលលើសពីបាច់ផ្កាធម្មតា បង្កប់ដោយអត្ថន័យជ្រាលជ្រៅ បានក្លាយជាគោលដៅទាក់ទាញអតិថិជនយ៉ាងច្រើន ឱ្យហ៊ានចំណាយថវិកា និងពេញចិត្តលើវត្ថុអនុស្សាវរីយ៍មួយប្រភេទ ដែលរៀបចំយ៉ាងចំណានដាក់ក្នុងកែវឬប្រអប់ប្លែកខុសពីកន្លែងលក់ផ្កាដដៃ។ ចង់ដឹងណាស់ថាតើអ្នកណាក៏អស្ចារ្យម៉្លេះ មកបង្កើតវត្ថុអនុស្សវរីយ៍អីក៏ល្អម្លេះ?
បើអ្នកបើកបរតាមផ្លូវ ១៩៩ផ្លូវឡើងទៅផ្សារសុវណ្ណា ម្តុំពេទ្យមិត្តភាពខ្មែរសូវៀតឬពេទ្យរូស្សី នៅត្រង់ខាងឆ្វេងដៃទល់មុខកាហ្គារ៉ាសឡានមួយ យើងនឹងឃើញហាងផ្កាមួយ ដែលមានឈ្នោះថា " Miracle " ហើយបើអ្នកធ្លាប់តាមដានតាមបណ្ដាញសង្គម Facebook ក៏អាចនឹងជួបប្រទះសិល្បៈរៀបចំវត្ថុអនុស្សាវរីយ៍នេះជាក់ជាមិនខាន។ ហាងផ្កា Miracle នេះខុសពីហាងផ្កាដទៃដែលលក់តែផ្កាស្រស់ តែនៅហាងនេះ បង្កើតឡើងដោយយុវជនពីររូបដែលមានឈ្នោះថា ម៉េង សូហួង កាន់ផ្នែកលក់និងហិរញ្ញវត្ថុជាមួយ លោក ខៀវ លីនដា ដែលជាអ្នករចនានិងបង្កើតគំនិតថ្មី លើផលិតផល អនុស្សាវរីយ៍ ហើយដែលពួកគេនាំគ្នាបង្កើតផលិតផល Concept អនុស្សាវរីយ៍ដ៏ប្លែកអស្ចារ្យដែលធ្វើឱ្យកាដូរបស់អ្នកកាន់តែមានន័យ និងលើសពីការស្មានរបស់អ្នក។
ដោយសារទស្សនៈរបស់ពួកគេចង់ឱ្យអតិថិជន ទទួលបានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃនិងពិសេសបែបនេះហើយ ទើបម្ចាស់ហាងទាំងពីរ ដាក់ឈ្នោះហាងរបស់ខ្លួនថា "Miracle" ដែលមានន័យថាអព្ភូតហេតុ គឺហេតុ ឬរឿងដែលចម្លែកអស្ចារ្យ ហើយបើយោងតាមការបកស្រាយរបស់ម្ចាស់ហាងទាំងពីរ ពួកគេសំដៅដល់ការបង្កើតវត្ថុអនុស្សាវរីយ៍ ដ៏មានអត្ថន័យនិងលើសពីការស្មាន ដែលរាល់ពេលអតិថិជនបានឃើញភ្លាមក៏លាន់មាត់ថា Wow គ្រប់គ្នា។
ម្ចាស់ហាងទាំង២នាក់ប្រាប់ថា ពួកគេទាំងពីរធ្លាប់ធ្វើការជាមួយគ្នា ហើយ លីនដា ធ្លាប់មានបទពិសោធន៍បើកហាងផ្កាពីមុនហើយក៏ធ្លាប់ធ្លាក់ចុះ ហើយមិនបានជោគជ័យព្រោះហេតុផលជាច្រើន តែក្រោយពីពួកគេបានជួបគ្នាម្ដងទៀត ក៏មានគំនិតបង្កើតហាងផ្កានេះម្តងទៀត ជាមួយយុទ្ធសាស្រ្ដថ្មីសម្រាប់ទាញយកអតិថិកជន។ ដូចនេះគំនិតបង្កើតថ្មីដែលបង្កើតជាកែវអនុស្សាវរីយ៍ដ៏ស្អាតប្លែកនេះ ក៏ផុសឡើងតាមរយៈការស្វែងយល់ពីតម្រូវការផ្សេងៗគ្នារបស់អតិថិជន។
បើយើងលក់តែផ្កា ប្រហែលជាលក់មិនឈ្នះអ្នកលក់ផ្កានៅផ្សាថ្មីទេ ព្រោះគេលក់ដាច់ច្រើនឆ្នាំមកហើយ ភ្ញៀវមិនដើរចេញពីកន្លែងចាស់របស់គេទេ តែបើយើងលក់របស់ថ្មីដែលគេមិនធ្លាប់មាន ហើយមានភាពទាក់ទាញទៀតនោះនឹងមានអ្នកទិញ។ ហើយជាក់ស្ដែង ពេលដែលដំណើរការកែវអនុស្សាវរីយ៍ភ្លាម ក៏មានសន្ទុះការគាំទ្រខ្លាំងភ្លាម។ កញ្ញា ម៉េង សូហួង បញ្ជាក់។
ការណ៍ដែលបង្កើតផលិតផលច្នៃប្រឌិតដ៏អស្ចារ្យបែបនេះ ប្រាកដណាស់គឺជារឿងដែលលំបាកបំផុត តែមិនមែនជារឿងដែលមិនអាចកើតឡើងដែរ នេះបើតាមការលើកឡើងរបស់លោក ខៀវ លីនដា ដែលជាអ្នកបញ្ចេញម៉ូដច្នៃប្រឌិតទាំងអស់នេះ។ ដំបូងឡើយ យើងត្រូវគិតថា អតិថិជនហ៊ានចំណាយថវិកា ព្រោះអ្វីគាត់ចង់បានអ្វីហើយជាក់ស្ដែង ការផ្ដល់ជូននរណាម្នាក់ ដែលអ្នកស្រលាញ់ពេញចិត្ត ជាវត្ថុគំនាប់ចិត្តគឺត្រូវតែពិសេសខុសពីអ្នកដទៃនិងទាក់ទាញ ព្រមទាំងធ្វើឱ្យចង់ចាំមិនភ្លេចដូចនេះទោះជារវល់ ឬមានរឿងអ្វីកើតឡើងក្នុងជីវិតរបស់យើង នោះគ្រាន់តែក្រឡេកឃើញវត្ថុអនុស្សាវរីយ៍នេះភ្លាម ក៏ចង់ចាំនូវសេចក្ដីស្រលាញ់និងអារម្មណ៍រំភើប ពេលដែលបានទទួលរបស់គំនាប់ចិត្តនោះភ្លាមដែលខណៈនោះហើយ យើងក៏ឱ្យតម្លៃយ៉ាងខ្លាំងលើវត្ថុអនុស្សាវរីយ៍។ នេះបើតាមការរៀបរាប់របស់លោក ខៀវ លីនដា បង្ហាញពីហេតុផលនាំឱ្យអតិថិកជនគាំទ្រហាងផ្កា Miracle។
មកដល់ពេលនេះ ហាង Miracle មានអាយុកាល២ឆ្នាំហើយ បើទោះជាក្នុងវិបត្តិ Covid 19 ក៏មិនប៉ះពាល់ខ្លាំងដល់តម្រូវការនោះដែរ តែការងាររបស់ហាងផ្កា នៅបន្តដំណើរការធម្មតា ត្បិតមានការធ្លាក់ចុះបន្តិចប៉ុណ្ណោះ ហើយពួកគេសង្ឃឹមថាអ្វីៗនឹងត្រឡប់មកវិញធម្មតា ក្រោយបញ្ហា Covid-19 មានការធូរស្រាល សេដ្ឋកិច្ចក៏នឹងងើបឡើង ហើយវត្ថុបំពេញចិត្តឱ្យរឹតតែរឹងមាំគឺជាកាដូនៃសេចក្ដីស្រលាញ់នេះហើយជាទ្រព្យគាប់ចិត្តយើងទៅថ្ងៃក្រោយ៕