រាជធានីភ្នំពេញ៖ សម្រាប់ឆ្នាំ២០២០ យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ីបានបង្ហាញពីការកើនប្រាក់ចំនេញសរុបដល់ទៅ ១៧,៧៩% ធៀបនឹងឆ្នាំ២០១៩ នេះបានបង្ហាញពីភាពរឹងមាំនៃក្រុមហ៊ុន ទោះជាស្ថានភាពនៃប្រទេសក្នុងកំឡុងឆ្នាំ ២០២០ បានជួបប្រទះនឹងវិបត្តិកូវីដ១៩ក្ដី។

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានចេញផ្សាយនៅថ្ងៃទី១មេសានេះ បានបង្ហាញថា សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី មានចំណូលសរុបចំនួន ២,៣៦ទ្រីលានរៀល កើនឡើងចំនួន ១៣២,៣៧ ប៊ីលានរៀល ស្មើនឹង ៥,៩៤%ធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០១៩និងប្រាក់ចំណេញចំនួន ៥៧៦,៨៧ ប៊ីលានរៀល ដែលកើនឡើងចំនួន ៨៧,១៤ ប៊ីលានរៀល ស្មើនឹង ១៧,៧៩% ធៀបនឹងឆ្នាំ២០១៩។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៦,៥០ ទ្រីលានរៀល ដែលកើនឡើងចំនួន ១,៣៤ ទ្រីលានរៀល ស្មើនឹង ៥,៣១% និងមូលធនសរុបចំនួន ៤,៤១ ទ្រីលានរៀល កើនឡើងចំនួន៤៧៧,៣៥ ប៊ីលានរៀល ស្មើនឹង ១២,១៥% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូឆ្នាំ២០១៩។

សូចនាករសំខាន់ៗនៅក្នុងឆ្នាំ២០២០មានដូចខាងក្រោម៖

១.​ ចំណេញធៀបនឹងមូលធនមធ្យម : ១៣,៦៦%

២. ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម : ២,២០%

៣. ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប : ១១,៥២%

៤.​ ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប : ៥,០៥%

៥. ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប : ៦៨,៧៩%

៦. ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប : ៩៧,៧៣%

៧. ឥណទានមិនដំណើរការដុលសរុប ធៀបនឹងឥណទានដុលសរុប(*) : ២,៤០%

៨. អនុបាតសាធនភាព : ២៥,១៥%៩. អនុបាតក្របខ័ណ្ឌសន្ទនីយភាព : ១៤៩,៣១%។