រាជធានីភ្នំពេញ៖ រដ្ឋាភិបាលបារាំង, តាមរយៈ AFD, សន្យាថានឹងបង្កើនទំហំឥណទានសម្បទាន និងខិតខំជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

នេះបើតាមលទ្ធផលនៃជំនួប ឯកឧត្ត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ ឯកឧត្តម Jacques PELLET ក្នុងដែលខណៈឯកឧត្តមទើបបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងជំនួបនោះ ក៏មានវត្តមានពីមន្រ្តីការទូត និងតំណាងទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅកម្ពុជា ចូលរួមផងដែរ ។

ថ្មីៗនេះ, បារាំង-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ ២០,៣០ លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិកម្ម ទឹក និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Jacques PELLET បានលើកឡើងថា ប្រធាននាធិបតីបារាំង Emmanuel Macron បានការប្តេជ្ញា សម្រេចគោលដៅក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ODA របស់ខ្លួនឲ្យបាន ០,៥៥% នៃផ.ស.ស នៅឆ្នាំ ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមមាន កម្ពុជា ផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរថា ឆាប់ៗខាងមុខនេះ កម្ពុជានឹងដាក់ចេញនូវ “យុទ្ធសាស្ដ្រស្ដីពីការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ដែលជាឯកសារបង្ហាញផ្លូវដើម្បីកម្ពុជា ចាកចេញពីវិបត្តិនៃជម្ងឺកូវីដ-១៩ ឆ្ពោះទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយសុវត្ថិភាព ចីរភាព និងបរិយាប័ន្ន និងបានស្នើឲ្យបារាំង បន្តជួយសម្របសម្រួលទាក់ទាញអ្នកវិនិយោគគិនបារាំង និងអឺរ៉ុប មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត៕