ក្រុងបាងកក៖ គណៈរដ្ឋមន្ត្រី​ថៃ ​បាន​អនុម័ត​ផែនការ​សម្រាប់​ការបង្កើតស្ពាន​មិត្តភាព ​ថៃ​-​ឡាវ​ ទី​ពីរ​កាលពី​ខែ​មុន ដោយគ្រោង​​សាងសង់ឆ្លង​កាត់​ទន្លេមេគង្គ​ទៅ​ប្រទេស​ឡាវ​ ​ទាំង​ផ្លូវដែក និង​ផ្លូវ​គោក ​ត​ភ្ជាប់​ខេត្ត នុង ខៃ ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ ជាមួយ​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​។

រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob និយាយថា ប្រទេស​ថៃ​គ្រោង​នឹង​សាងសង់​ស្ពាន ចំណងស្ពានមិត្តភាពនេះ ប៉ាន់ស្មានថា មានតម្លៃប្រហែល 4 ពាន់លានបាត (1.2 ពាន់លានដុល្លារ) ទំនងជានឹងត្រូវបានផ្តល់មូលនិធិពីប្រទេសទាំងពីរ។

លោកបានបន្ថែមថា ការសិក្សារចនាស្ពាននេះ ត្រូវបានគេរំពឹងថានឹងចំណាយអស់ប្រហែល 140 លានបាត (4.25 លានដុល្លារអាមេរិក) ពីថវិកាថ្នាក់កណ្តាល ហើយនឹងត្រូវគ្រប់គ្រងដោយ នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃ។

គម្រោង​ស្ពាន​នេះ​ គួរ​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​វេលា​សម្រាប់​ដំណាក់កាល​ទី​២ ​នៃ​គម្រោង​ផ្លូវដែក​ល្បឿន​លឿន ​ចិន​-​ថៃ ដែល​នឹង​តភ្ជាប់​ទីក្រុង​បាងកក ទៅ ​ទីក្រុង​គុន​មីង។

គម្រោងផ្លូវដែក ថៃ-ចិន ដំណាក់កាលទី១ ដែលរត់ពីទីក្រុងបាងកក ទៅ ខេត្តនគររាជសីមា បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៦។

យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនថៃ Saksayam Chidchob បានឱ្យដឹងថា ដំណាក់កាលទីពីរនៃគម្រោងរថភ្លើងល្បឿនលឿន នឹងបើកឱ្យដំណើរការនៅឆ្នាំ 2028 ដោយភ្ជាប់ពីខេត្តនគររាជសីមា ទៅខេត្ត នុង ខៃ។

សូមជម្រាបជូនដែរថា ការបើកផ្លូវដែកឡាវ-ចិន បានធ្វើឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ និងចិន លឿនជាងមុន 24 ម៉ោង ជាមួយនឹងការកាត់បន្ថយថ្លៃដើម 25%