រាជធានីភ្នំពេញ៖ ប្រទេសជប៉ុន នឹងបន្តផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា សរុបប្រមាណជាង ៧២លានដុល្លារបន្ថែមទៀត នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ការផ្ដល់ជំនួយនេះ នឹងត្រូវចុះ​ហត្ថលេខាលើ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ  ដោយ ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម មិកាមិ​ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១។

​១. ឥណទានសម្បទាន៖ គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារអាមេរិក)។

​២. ហិរញ្ញប្បទានឥតសំណង៖

  • គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក)
  • គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
  • សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
  • គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣ លានដុល្លារអាមេរិក) និង
  • គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)។

​ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងខាងលើ ​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃ​ព្រះ​រាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណង​មិត្តភាពរវាង​ប្រទេស​ទាំងពីរ៕​