រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងគាំទ្រការកែទម្រង់ថវិកា និងគណនេយ្យ ដំណាក់កាលទី២ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។ 

ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ការអនុវត្តគម្រោងគាំទ្រការកែទម្រង់ថវិកា និងគណនេយ្យ ដំណាក់កាលទី២នេះ នឹងផ្តោតលើការពង្រឹងការអនុវត្តប្រព័ន្ធថវិកា សមិទ្ធកម្ម ទាំងការរៀបចំថវិកា ទាំងការអនុវត្តចំណាយថវិកា និងការតាមដានត្រួតពិនិត្យការអនុវត្តថវិកា ការពង្រឹងប្រព័ន្ធគណនេយ្យ ព្រមទាំងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច តាមរយៈការកសាងសមត្ថភាពមន្រ្តី ដែលនឹងចូលរួមចំណែកក្នុងការកសាងប្រព័ន្ធថវិកាកម្ពុជាប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍នៃការងារកែទម្រង់ប្រព័ន្ធថវិការបស់ប្រទេសបារាំងដែលធ្លាប់បានឆ្លងកាត់។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងការរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥, កម្ពុជាបានធ្វើទស្សនកិច្ចសិក្សា និងដកស្រងបទពិសោធពីបណ្តាលប្រទេសជាច្រើន ពិសេសការងារកែទម្រង់ប្រព័ន្ធថវិការបស់បារាំងតែម្តង ដែលមានប្រព័ន្ធ និងលំនាំប្រហាក់ប្រហែលនឹងកម្ពុជា ដើម្បីឈានទៅអនុវត្តប្រព័ន្ធថវិកាសមិទ្ធកម្ម ឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងស្របតាមតថភាពជាក់ស្តែងរបស់កម្ពុជា។ 

កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរៀបចំកិច្ចការដ៏មានសារៈសំខាន់ខាងលើនេះ ឱ្យសម្រេចបានជោគជ័យ ដើម្បីអាចឈានទៅរៀបចំបាននូវប្រព័ន្ធថវិកាថ្មីមួយ ដែលមានលក្ខណៈគ្រប់ជ្រោយ និងអាចយកមកអនុវត្តបាននៅក្នុងរយៈពេលវែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាព នៅក្នុងការគ្រប់គ្រងការគៀរគរ និងការប្រើប្រាស់នូវធនធានរបស់ជាតិ និងក្លាយជាឧបករណ៍សម្រាប់បម្រើឱ្យការអភិវឌ្ឍកម្ពុជា និងការធានាបាននូវសមធម៌សង្គម។