រាជធានីភ្នំពេញ៖ ចាប់តាំងពីតំបន់គល់ស្ពានជ្រោយចង្វាររាជធានីភ្នំពេញ រហូតដល់ព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្តាលតាមផ្លូវជាតិលេខ៦A នាពេលបច្ចុប្បន្នត្រូវបានបំពេញទៅដោយគម្រោងបុរីលំនៅដ្ឋានបែបទំនើប និងទាន់សម័យជាច្រើនគម្រោង ដោយមានតម្លៃចាប់ពីជាង៧ម៉ឺនដុល្លារ រហូតដល់កន្លះលានដុល្លារក្នុងមួយខ្នងអាស្រ័យទៅលើទីតាំងនិងប្រភេទគម្រោង។
ជាមួយនឹងទិដ្ឋភាពជាក់ស្ដែងនៃការអភិវឌ្ឍឥតឈប់ឈរនៅក្នុងវិស័យសំណង់លំនៅដ្ឋានទាំងនេះ អ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ដោយបច្ចុប្បន្ននៅតែមានតម្រូវការខ្ពស់សម្រាប់លំនៅដ្ឋានមានតម្លៃមធ្យម និងក្រោមមធ្យមប៉ុន្តែការវិនិយោគបុរីនីមួយៗ វាអាស្រ័យលើទីតាំង និងតំបន់ជាក់លាក់។បើវិនិយោគលើលំនៅដ្ឋានមានតម្លៃទាប គួរស្ថិតនៅតំបន់ណា និងវិនិយោគលើបុរីមានតម្លៃមធ្យមនិងតម្លៃខ្ពសគួរស្ថិតនៅតំបន់ណា ដើម្បីធ្វើឲ្យគំរោងនោះទទួលបានជោគជ័យ។
អ្នកឧកញ៉ាបន្តថា ៖ “នៅតំបន់ស្របតាមបណ្តោយផ្លូវជាតិលេខ៦A គឺជាទីតាំងល្អ ដែលមានសន្ទុះការអភិវឌ្ឍន៍ និងក្លាយជាតំបន់សេដ្ឋកិច្ចដែលអនុញ្ញាតឱ្យប្រជពលរដ្ឋរស់នៅអាចប្រកបអាជីវកម្មបានយ៉ាងងាយស្រួល។ដូច្នេះហើយបានជាអ្នកអភិវឌ្ឍន៍ជាច្រើនសម្រុកចូលមកបណ្តាក់ទុនវិនិយោគនិងអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់នេះ”។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានលើកឡើងថា វាមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលប្រទេសជាតិមានភាពរីកចម្រើននិងអភិវឌ្ឍន៍ ជាពិសេសតំបន់ក្រុងភ្នំពេញមានការកើនឡើងនូវចំនួនអគារធំៗដូចជាសំណង់ខុនដូ អាផាតមិនជាដើមនោះតំបន់ដែលស្ថិតនៅជាប់ក្រុងគឺត្រូវតែមានតម្រូវការខ្ពស់។
លោកឧកញ៉ាបានបញ្ជាក់ថា៖ “កាលពីប៉ុន្មានឆ្នាំមុន តម្លៃដីនៅតំបន់ជ្រោយចង្វារមានកម្រិតទាបនៅឡើយ ពោលគឺប្រមាណ១០០០ ទៅ ១៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់រហូតដល់ ១៨០០-២០០០ដុល្លារ ហើយកន្លែងទីប្រជុំជនខ្លះទៀតមានតម្លៃ ២៥០០ ទៅដល់ ៣០០០ដុល្លារក្នុងមួយម៉ែត្រក៏មានដែរវាអាស្រ័យលើទីតាំង និងទំហំដី”។
លោកបន្តទៀតថា “ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពល្អប្រសើរជាងនេះ ជាពិសេសការចាក់វ៉ាក់សាំងមានភាពទូលាយ និងឆាប់រហ័ស មិនយូរទៀតនោះទេ តំបន់ជ្រោយចង្វារនឹងក្លាយជាតំបន់ពិសេសអំណោយផលទាំងការធ្វើពាណិជ្ជកម្ម អំណោយផលទាំងវិស័យលំនៅដ្ឋាន ដែលកាន់តែជំរុញឲ្យតំបន់រួមទាំងមូលមានភាពស៊ីវិល័យមិនចាញ់ក្រុងចាស់នោះឡើយ”។
គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះវត្តមាននៃគម្រោងបុរីលំនៅដ្ឋានបែបទំនើបជាច្រើន ដែលកំពុងតែបង្ហាញខ្លួននៅតំបន់ខាងលើនេះរួមមានដូចជា សំណង់បុរីសុភមង្គល បុរី The Mekong Royal បុរី ហេងហ៊ាង ស៊ីធី បុរី ប៉េង ហួត, បុរី New Town បុរីអរគីដេវីឡា បុរី រុងរឿង បុរី The Flora, បុរីមង្គលភ្នំពេញ បុរី ភ្នំពេញផាក បុរីដឹមេគង្គរ៉ូយ៉ាល់ បុរីហាយលែន និងបុរីវិមានភ្នំពេញជាដើម៕
ដោយឡែកសម្រាប់គម្រោងដែលកំពុងតែមានសកម្មភាពសាងសង់ និងដំណើរការលក់នៅពេលបច្ចុប្បន្ននេះរួមមានដូចជាគម្រោងបណ្តុំលំនៅដ្ឋានទំនើបកម្រិតខ្ពស់របស់ក្រុមហ៊ុន OCIC ក្នុងតំបន់អភិវឌ្ឍន៍ក្រុងជ្រោយចង្វារគម្រោងបុរីវិមានភ្នំពេញ(គម្រោងទី១២) គម្រោងបុរីឡេងណាវ៉ាត់ត្រា គម្រោងបុរីភូមិកីឡា រួមជាមួយនឹងគម្រោងបណ្តុំលំនៅដ្ឋានទំនើបជាច្រើន៕