បច្ចុប្បន្ននេះពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារតែរបត់នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានវិវដ្តយ៉ាងលឿន។ ហេតុនេះហើយទើបក្រុមហ៊ុនធំៗជាច្រើន បានទាញយកឱកាសអភិវឌ្ឍប្រកបដោយភាពវិជ្ជមានខណៈក្រុមហ៊ុនដែលបត់មិនទាន់របត់ថ្មីនេះ ក៏ត្រូវបិទទ្វាទៅវិញក្នុងដំណាក់កាលនេះផងដែរ។
- សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុន បានបញ្ជាក់នៅក្នុងកម្មវិធីស្វែងយល់ពីអាជីវកម្ម 4.0 របស់ Daily Plus ថា នៅក្នុងរបត់បច្ចេកវិទ្យា 4.0 នេះក្រុមហ៊ុនទាំងអស់ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពក្រុមហ៊ុនរបស់ខ្លួន ដើម្បីដើរឱ្យទាន់របត់នៃបច្ចេកវិទ្យាថ្មី ទើបអាចរក្សាជំហរ និងការប្រកួតប្រជែងក្នុងទីផ្សារ។ លោកបានបន្ថែមថា កាលពីមុន ក្រុមហ៊ុននានាចូលចិត្តប្រើវិធីទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីទាក់ទាញអតិថិជន។ វិធីនេះគឺតម្រូវឱ្យបុគ្គលិកទូរសព្ទទៅអតិថិជនម្តងម្នាក់ៗ ដើម្បីផ្តល់ព័ត៌មាននិងលក់ផលិតផល ឬសេវាកម្មជាដើម។ ការប្រើប្រាស់វិធីបុរាណនេះ ប្រសិនបើអនុវត្តនាពេលបច្ចុប្បន្ន ក្រុមហ៊ុនទាំងមូលច្បាស់ជាបិទទ្វារមិនខាន ព្រោះទម្រាំទាក់ទងបាន១លាននាក់ យើងត្រូវចំណាយពេលរាប់ឆ្នាំ។
ផ្ទុយមកវិញ ប្រសិនបើយើងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្រលក់ ឱ្យទាន់សម័យបន្តិច យើងនឹងអាចទាក់ទងទៅអតិថិជនរាប់ពាន់ រាប់ម៉ឺននាក់ត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ជាឧទាហរណ៍ ប្រសិនបើយើងប្រើ Facebook, Telegram ឬ Wechat ជាដើម ដើម្បីផ្តល់ព័ត៌មានដល់អតិថិជន នោះក្រុមហ៊ុននឹងចំណាយពេលខ្លីតែអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបាន រាប់ម៉ឺន រាប់លាននាក់។ នេះជាចរន្តថ្មីមួយដែលយើងទាំងអស់គ្នាសុទ្ធតែបានមើលឃើញ ខណៈពេលដែលបច្ចេកវិទ្យាជាច្រើនផ្សេងទៀតក៏កំពុងបង្ហាញខ្លួនក្នុងទីផ្សារដែលម្ចាស់អាជីវកម្មគួរតែគិតគូរនិងយកចិត្តទុកដាក់ដើម្បីធានាពីការផ្តល់ និងទទួលបានព័ត៌មានពីអតិថិជនឱ្យបានល្អ។
លោកបណ្ឌិត គា បូរ៉ា បាននិយាយថា៖ «ម្ចាស់អាជីវកម្មនាពេលបច្ចុប្បន្ននេះ យ៉ាងហោចណាស់ក៏គួរមាន Email ផ្លូវការមួយរបស់ខ្លួនឯង និងមានវេបសាយ ដែលមានផ្ទុកព័ត៌មានសេវាកម្មឬផលិតផលទាំងអស់នៅលើនោះដែរដើម្បីបង្ហាញឱ្យអតិថិជនបានដឹង»។
អ្នកជំនាញខាងលើបានបន្ថែមទៀតថា វេបសាយនោះគួរតែត្រូវបានរចនាឱ្យស្របតាមសម័យកាល និងទម្រង់ច្បាស់លាស់ផង ព្រោះពេលវេលាចេះតែទៅមុខ ការធ្វើបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាលើវេបសាយកាន់តែត្រូវការកែសម្រួល។ម្ចាស់អាជីវកម្មទាំងឡាយ មិនអាចបង្កើតតែវេបសាយចោល បន្ទាប់មកទុកចោលរាប់ឆ្នាំដោយមិនរវីរវល់ឬគ្មានការធ្វើបច្ចុប្បន្នភាពនោះទេ។ បន្ថែមពីលើនេះ នាពេលបច្ចុប្បន្ន មានវេបសាយខ្លះត្រូវបានគេបង្កើតឡើងដោយដាក់ឱ្យអតិថិជនអាចសួរនិងឆ្លើយឆ្លងបានភ្លាមៗផងដែរ ដើម្បីទាក់ទាញឱ្យបុគ្គលិក និងអតិថិជនមានទំនាក់ទំនងកាន់តែប្រសើរ។
លោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់អាជីវកម្ម ដែលចង់ប្រើប្រាស់កម្មវិធីធំៗសម្រាប់គ្រប់គ្រងអាជីវកម្មវិញក៏ចាំបាច់ត្រូវសិក្សា និងមើលឱ្យច្បាស់ពីសមត្ថភាពរបស់ស្ថាប័នផង ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាពរបស់ធនធានមនុស្ស មានភាពស៊ីសង្វាក់គ្នាជាមួយកម្មវិធីបច្ចេកវិទ្យា។ កន្លងមកមានម្ចាស់អាជីវកម្មខ្លះគិតគូរច្រើនហួសតម្រូវការជាក់ស្តែង ដោយចង់ឱ្យបច្ចេកវិទ្យាផ្លាស់ប្តូររបត់នៃក្រុមហ៊ុននេះភ្លាមៗ ខណៈពេលដែលបុគ្គលិកមិនទាន់មានសមត្ថភាពល្អ ក្នុងការប្រើប្រាស់នៅឡើយ ដែលធ្វើឱ្យគាត់ដាក់បច្ចេកវិទ្យាចូលទៅហើយក៏នៅតែបរាជ័យដដែល។ ហេតុនេះ ម្ចាស់អាជីវកម្មទាំងអស់ចាំបាច់ត្រូវតែពិចារណា លើចំណុចមូលដ្ឋានមួយចំនួនដើម្បីរក្សាលំនឹងក្នុងសម័យបច្ចេកវិទ្យានេះ ប្រសិនបើគាត់មិនទាន់មានសមត្ថភាពក្នុងចាប់យកបច្ចេកវិទ្យាធំៗទៅប្រើប្រាស់៕