ជាម្ចាស់អាជីវកម្មមួយដែលទើបបើកដំណើរការ ជាពិសេសអ្នកដែលស្នងការងារពីគ្រួសារ ដែលអាចទទួលបានភាពជោគជ័យ ម្ចាស់អាជីវកម្មដាច់ខាតត្រូវដឹងពីការងារគ្រប់ផ្នែកច្រកល្ហក ពីទំហំការងារដែលមានក្នុងក្រុមហ៊ុន តាំងពីកិច្ចការបោសសម្អាត ធនធានមនុស្ស ទីផ្សារ រហូតដល់ផ្នែកហិរញ្ញវត្ថុ ដើម្បីអាចជម្រុញការវិវត្តរបស់ក្រុមហ៊ុនបានជានិរន្ត និងអាចឈានដល់ការពង្រីកខ្លួន ឬមានស្ថេរភាពនៃការគ្រប់គ្រងហើយ ទើបអ្នកគួរចាប់ផ្ដើមពីប្រតិភូកម្មការងារដល់បុគ្គលិកដែលអាចសម្រេចការងារបាន។

កិច្ចការបែបនេះ ទាមទារឲ្យអ្នកត្រូវតែលូកដៃជ្រៅ ចូលដឹងលឺនិងស្វែងយល់បន្ថែមពីផ្នែកនីមួយៗជាមុន ព្រោះថាអ្នកជាម្ចាស់អាជីវកម្ម អ្នកត្រូវការផ្ដល់នូវចក្ខុវិស័យ ការតម្រង់ទិសនៃផែនការ គ្រប់គ្រងដឹកនាំដោយផ្ទាល់លើក្រុមការងារដែលមានក្នុងដៃ។ ការធ្វើបែបនេះ ក៏ជាប្រសិទ្ធិភាពមួយខ្ពស់ ក្នុងការប្រកួតប្រជែងជាមួយក្រុងហ៊ុនផ្សេងៗផងដែរ។

ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ ឬមិនចូលចិត្តផ្នែកណាមួយ ដោយហេតុថាជាការងារដែលប្រើកម្លាំងបាយ  ការងារមិនស្អាត មានន័យថាអ្នកមិនទាន់មានឆន្ទៈពេញលេញ ក្នុងការដឹកនាំក្រុមហ៊ុននេះនៅឡើយទេ។ ការមានចន្លោះប្រហោង ជាភាពមិនច្បាស់លាស់លើផ្នែកណាមួយ នោះនឹងអាចបាត់បង់នូវឱកាសនៃការបង្កើន ផលិតភាពការងារក្នុងក្រុមហ៊ុន ហើយជាពិសេសនឹងប្រឈមខ្លាំង ពេលដែលមានវិបត្តិហិរញ្ញវត្ថុ ឬបុគ្គលិក គឺនឹងត្រូវចំណាយពេលវេលាច្រើនក្នុងការរកដំណោះស្រាយមួយដែលមានប្រសិទ្ធិភាព ក្នុងពេលខ្លីបាន។

ដូច្នេះការដែលដឹកនាំដោយប្រយោលនិងពីចម្ងាយ ដោយខ្វះនូវការមើលផ្ទាល់លើជំនាញនីមួយៗ មិនបានលទ្ធផលដែលជាទីគាប់ចិត្ត ដូចផែនការនោះទេ ដែលអ្នកគួរតែចូលធ្វើ ទំនាក់ទំនងក្នុងការងារនោះដោយផ្ទាល់សិន ក្នុងដំណាក់កាលដំបូងនៃការគ្រប់គ្រងក្រុមហ៊ុន៕