រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។
តាមប្រកាសព័ត៌មានរបស់ ADB ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានគូសបញ្ជាក់ថា នេះជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួន២ពីមុន ដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និង ធ្វើឲ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩។ តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាល បានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើម គំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ (public credit guarantee scheme)សម្រាប់សហគ្រាសធុនតូចនិងមធ្យមដំបូងគេនៅកម្ពុជាផងដែរ»។
នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រនៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ មានតែ ២១.៧% នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេស ប៉ុណ្ណោះដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាកដើម្បីទទួលបានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច។ អាជីវកម្ម ជារឿយៗ ត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេល វែងដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា និងអនក្ខរភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា ១៨% ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ។
ជំងឺរាតត្បាត ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ (real estate lending) និង កំណើនឥណទាន លឿន (faster credit growth) បានបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួល បានហិរញ្ញវត្ថុនិងការអភិវឌ្ឍទីផ្សារ។
កម្មវិធីរងថ្មីនេះ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) ឲ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យ ឱ្យកាន់តែប្រសើរឡើង ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និង គាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាព ច្នៃប្រឌិត៕