រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យ និងពិក្សាលើសេចក្តីកំណែចុងក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ លើកឡើងថា៖ គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារ ដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។
លោករដ្ឋមន្រ្តី បញ្ជាក់ថាក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០ មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច និងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។
ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែងខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ។ តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។
សូមជម្រាបជូនដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ហើយនឹងត្រូវចូលជាធរមានក្នុងពេលឆាប់ខាងមុខនេះផងដែរ៕